(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រសួងការងារបានចាត់តាំងមន្ត្រីប្រចាំការ ត្រៀមសម្របសម្រួលដោះស្រាយ ចំពោះករណីដែលអាចកើតឡើងផ្សេងៗក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាថា ប្រជាពលរដ្ឋនឹងទទួលបានការអន្តរាគមន៍ភ្លាមៗនៅពេលដែលមានបញ្ហា។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកឃ្លាំមើលសង្គម និងនយោបាយបានមើលឃើញថាកម្មករកម្មការិនីរបស់យើងមានភាពកក់ក្តៅ និងសប្បាយចិត្តព្រោះក្រសួងការងារយកចិត្តទុកដាក់ដល់ពួកគាត់ដោយបានរៀបចំឱ្យមានមន្ត្រីប្រចាំការដោះស្រាយបញ្ហាដល់ពួកគាត់បើទោះបីជានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលប្រជាពលរដ្ឋទូទាំងប្រទេសបានឈប់សម្រាកដ៏ដោយ។

លោកថា «បងប្អូនកម្មករកាន់តែមានភាពកក់ក្តៅបន្ថែមទៀតក្រោមការយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់សេវាសាធារណៈជូនពួកគាត់ ក៏ដូចជាមានមន្ត្រីជំនាញប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ទោះបីជានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលប្រជាពលរដ្ឋទូទាំងប្រទេសបានឈប់សម្រាកបានជួបជុំក្រុមគ្រួសារលេងសប្បាយនូវល្បែងប្រជាប្រិយតាមទីអារាមក៏ដូចជាទីប្រជុំជននានា»។

លោកបន្តរំលេចថា៖ «ដូច្នេះប្រសិនជាបងប្អូនមានបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនអាចទៅរកការអន្តរាគមន៍ពីក្រសួងការងារដូចថ្ងៃធ្វើការតាមធម្មតា»

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏សូមជូនពរបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅលេង ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារជាពិសេស ទៅលេងកម្សាន្តនៅតាមបណ្តាខេត្ត និងរមណីយដ្ឋាននានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា៕