(កំពង់ស្ពឺ)៖ លោក នរៈ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំប្រជាពុទ្ធបរិស័ទ រៀបចំពិធីបញ្ចុះបឋមសិលាកុដិមួយកម្ពស់២ជាន់ (២៤បន្ទប់) ក្នុងវត្តមុនីរង្សីរតនារាម (ហៅវត្តម្យុំខាងជើង) ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។

ពិធីបញ្ចុះបឋមសិលាកុដិ ក្នុងវត្តម្យុំខាងជើងនេះ ក៏មានព្រះវត្តមានរបស់ព្រះរាជាគណៈជាច្រើនអង្គ និងប្រជាពុទ្ធបរិស័ទជាច្រើននាក់ផងដែរ ដែលសំណង់កុដិខាងលើ កសាងឡើងដោយបាន​ចំណាយថវិកាអស់រាប់ម៉ឺនដុល្លារ។

ព្រះគ្រូវិជ្ជានុរ័ក្ខបញ្ញា គង់ ហាន ព្រះលេខាធិការគណៈខេត្ត និងជាព្រះនាយកសាលាពុទ្ធិកអនុវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាព្រះចៅអធិការវត្តមុនីរង្សីរតនារាម បានមាន​សង្ឃដិការថ្លែងអំណរគុណ ចំពោះលោករដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដែលតែងតែផ្តួចផ្តើមកសាងសមិទ្ធផលនានា ក្នុងទីអារាម ដែលបានជួយដល់ការបុកគ្រឹះទាំងស្រុង ជាពិសេស សម្តេចព្រះពោធិវង្ស អំ លឹមហេង សម្តេចព្រសង្សនាយករងទី២ ដែលសម្តេចបានប្រគេនថវិកា ៥០០០ដុល្លារ លោកឧកញ្ញា អ៊ុន យុទ្ធី និងលោក ខៀវ សុវណ្ណារ៉ា ប្រគេនថវិកាជាង៦០០០ដុល្លារ រួមទាំងពុទ្ធបរិស័ទជាច្រើននាក់ទៀត ដែលបានជួយឧបត្ថមដល់វត្តម្យុំខាងជើង។

លោករដ្ឋលេខាធិការ នរៈ រតនៈវឌ្ឍនោ បានលើកឡើងថា «ការសាមគ្គីភាពកសាងកុដិនេះ គឺជាសាមគ្គីធម៌ដែលស្តែងចេញពីសទ្ធាជ្រះថ្លារបស់អស់លោក អ្នកឧកញ្ញា រួមទាំងពុទ្ធិបរិស័ទ​ចំណុះជើង​វត្តទាំងអស់ ហើយប្រជាពុទ្ធបរិស័ទ នឹងបន្តការចូលរួមចំណែកបន្តទៀត ដើម្បីចូលរួមកសាងសមិទ្ធផលក្នុងវិស័យសាសនា និងកសាងកុសលផលបុណ្យ ទៅអនាគជាតិផងដែរ»៕