(ស្វាយរៀង)៖ រថយន្តដឹកកម្មករមួយគ្រឿង ដោយសារតែជែងរថយន្តកុងតឺន័រ បានបណ្តាលឲ្យប៉ះរហូតបាក់ទ្រូង ហើយធ្លាក់កម្មករ មកដី របួសទាំងធ្ងន់ទាំងស្រាល ចំនួន៧៣នាក់ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចចន្លោះបង្គោលគីឡូម៉ែតលេខ 149.150 ក្នុងភូមិភូមិកំពោតជ្រូកសង្កាត់ព្រៃអង្គុញក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើយោងតាមរបាយការណ៍របស់អធិការនគរបាលក្រុងបាវិត ដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះបន្តិច។
អធិការនគរបាលក្រុងបាវិត បានបញ្ជាក់ថា នៅ វេលាម៉ោង៨ ព្រឹកថ្ងៃនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្ត ដឹកកម្មករកូរ៉េប្រភេទ 2T50ពណ៌ស ផ្លាកលេខ ភ្នំពេញ 3A-5717 បើកបរ ដោយឈ្មោះ នាង ឧត្តម អាយុ២៧ឆ្នាំ និងរថយន្តកុងតឺន័រ ពណ៌ខៀវផ្លាកលេខ ភ្នំពេញ 3B 3790 (ក្រុមហ៊ុនតេងឡាយ) បើកបរដោយឈ្មោះ អាន អេង អាយុ២៣ឆ្នាំក្នុងទិសដៅស្របគ្នាពីលិចទៅកើត។
លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តដឹកកម្មករ ក៏បានវារថយន្តកុងតឺន័រនៅពីមុខ ស្រាប់តែប៉ះ រយះទ្រូងបណ្តាលឲ្យរងរបួសសរុបចំនួន៧៣នាក់ ស្រី៥៧ របួសធ្ងន់ចំនួន៧នាក់ ប្រុសម្នាក់។
អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានបញ្ជាក់ថា ក្រោយគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ លោកបានបញ្ជាឲ្យដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ។
លោកថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើករថយន្តដឹកកម្មករ បើកជែងគេជែងឯង ទើបមានគ្រោះថ្នាក់បែបនេះ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ នៅក្រុងស្វាយរៀង រថយន្តដឹកកម្មករមួយគ្រឿង ក៏បានក្រឡាប់ផងដែរ ដែលបណ្តាលរងរបួសជាង១០នាក់៕