(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តបើកសវនាការជំនុំជម្រះ រឿងលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៉ី ដែលចោទសម្តេចតេជោថាជាអ្នកបាញ់សម្លាប់ លោក កែម ឡី ដោយមិនមានភស្តុតាង។ នេះបើតាមការបញ្ជាក់ពីមន្រ្តីតុលាការ។

ការបន្តសវនាការនេះ ធ្វើឡើងក្រោយពេលតុលាការក្រុងភ្នំពេញ បានសាកសួរសាក្សីជាច្រើននាក់ ក្នុងនោះសាក្សី៣នាក់ ដែលស្ថិតក្នុងហេតុការណ៍នោះបានបញ្ជាក់ថា រូបភាពវីដេអូសម្តីលោកស្រី ថាក់ ឡានី និយាយចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន គឺជាការពិត មិនមែនកាត់តនោះទេ។

សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង អ្នកស្រី ថាក់ ឡានី មកបើកសវនាការជំនុំជម្រះ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ សវនាការនេះដឹកនាំដោយលោក អ៉ី ថាវរៈ ជាចៅក្រមជំនុំជម្រះ និង លោក លី សុផាណា ជាតំណាងអយ្យការ។ លោកមេធាវី គី តិច តំណាងដើមបណ្ដឹង និងលោកមេធាវី សំ សុគង់ ការពារក្ដីអ្នកស្រី ថាក់ ឡានី។

អ្នកស្រី ថាក់ ឡានី ត្រូវបានតុលាការចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។នៅក្នុងវេទិកាសាធារណៈនៅខេត្តរតនគិរី អ្នកស្រី ថាក់ ឡានី បានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។

លោកមេធាវី គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹងកន្លងមកថា ការចោទប្រកាន់ដោយមិនមានភស្តុតាងរបស់ លោកស្រី ថាក់ ឡានី ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសសម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ លោកបានដាក់ពាក្យបណ្ដឹងប្តឹងអ្នកស្រី ថាក់ ឡានី ដោយសំណូមពរឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀល៕