(ប៉េកាំង)៖ បើទោះបីជាពិភពលោក បាននិងកំពុងស្ថិតក្នុងបម្រែបម្រួលដ៏ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេលមួយរយឆ្នាំ ជាពិសេសគឺប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញ នៃសេដ្ឋកិច្ចសកលនិងបញ្ហាជាសកលយ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងនិងការពឹងផ្អែកគ្នាទៅវិញទៅមក រវាងប្រទេសកម្ពុជានិងប្រទេសចិន កាន់តែមានភាពស៊ីជម្រៅនិងរឹងមាំ ពីមួយជំនាន់ទៅមួយជំនាន់ ប្រៀបដូចទៅនឹងទស្សនៈថា «ផ្លូវឆ្ងាយដឹងកម្លាំងសេះ ពេលវេលាដឹងចិត្តមនុស្ស»

ដោយរាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក កាំង ថៃ និងលោក ជូ យីង នៅសតវត្សរ៍ទី៣ នោះយើងនឹងឃើញ កាន់តែច្បាស់ពីប្រពៃណីក្នុងដំណើរដ៏យូរអង្វែង នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ហើយមកដល់សម័យឌីជីថលនេះ ស្មារតីរួមដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងប្រើពាក្យថា«អ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និង បងប្អូនល្អ» មកបញ្ជាក់ពីភាពរឹងមាំខ្លាំងក្លាមិនអាចបំបែកបាន នៃចំណងមិត្តភាពអមតៈរវាងកម្ពុជា-ចិន។

សន្តិភាពគឺជាទម្រយ៉ាងរឹងមាំដែលប្រទេសយើងទាំងពីរ កម្ពុជានិងចិន បានប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធក្នុងការថែរក្សា ដែលជាគន្លឺះដល់ការអភិវឌ្ឍ។ ក្នុងចរន្តនៃការអភិវឌ្ឍ កម្ពុជាគឺជាប្រទេសទី១ដែលបានចូលរួមនៅក្នុង «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលជាគំរូភាពនៃទំនាក់ទំនងដ៏ល្អរវាងប្រទេសយើងទាំងពីរ ក្នុងការផ្តល់ផលប្រយោជន៍ ទៅវិញទៅមក។ ប្រសិនជាយើងក្រឡេកទៅមើលប្រវត្តិសាស្រ្តកាលពី៧០ឆ្នាំមុនក្នុងសន្និសីទបានឌុង នោះយើងនឹងមិនមាន ភាពស្ទាក់ស្ទើរលើការគូសបញ្ជាក់យ៉ាងប្រត្យក្ស ពីទំនាក់ទំនងរវាងកម្ពុជានិងចិន ដោយកម្ពុជាបានគាំទ្រយ៉ាងពេញទំហឹង ដល់សំណើរបស់ចិនដែលបានបន្លឺឡើងជុំវិញពិភពលោកពី «ស្មារតីបានឌុង» ក្នុងការស្វែងរកមូលដ្ឋានរួម ខណៈពេលដែលរក្សាភាពខុសគ្នា និងបានប្រើប្រាស់គំនិតនៃ «ការអភិវឌ្ឍរួម» ដើម្បីបង្រួបបង្រួមភាពរឹងមាំ នៃប្រទេសកំពុងអភិវឌ្ឍន៍។

មកដល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរនៅបន្តស្មារតីបានឌុង ដោយលើកទឹកចិត្តដល់ការអនុវត្តគោលការណ៍ «ពហុភាគីនិយមពិតប្រាកដ» ដើម្បីបន្តរួមចំណែកដល់ការអភិវឌ្ឍ ពិភពលោក និងបន្តជាអ្នករួមចំណែកការពារ សណ្តាប់ធ្នាប់អន្តរជាតិ។ ប្រទេសយើងទាំងពីរបានឯកភាពទទួលយក ទស្សនវិជ្ជាផ្អែកលើ «ភាពសុខដុមរមនា និងការរួមរស់ដោយសន្តិភាព» ក្នុងរង្វង់នៃអភិបាលកិច្ចសកល។

វឌ្ឍនភាពគឺជាមាគ៌ាដែលប្រទេសយើង តែងបានរួមគ្នាពន្លាតលើស្មារតី នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាក់ស្តែងនៅក្នុងវេទិកា ស្តីពីទំនាក់ទំនងកម្ពុជា-ចិនក្នុងបរិបទថ្មីកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា «ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់១៥,១៨ពាន់លានដុល្លារ កាលពីឆ្នាំ២០២៤ កើនឡើង១៦,៩%ពីមួយឆ្នាំទៅមួយឆ្នាំ»។

ពីទំនាក់ទំនងការទូត ដល់មិត្តភាពដែកថែប ប្រទេសចិនតែងតែអនុវត្ត ទស្សនវិជ្ជាកិច្ចសហប្រតិបត្តិការ «ឈរលើគោលការណ៍សមភាព និង ចែករំលែកផលប្រយោជន៍ឈ្នះ-ឈ្នះ» ដោយសម្រេចបាននូវលទ្ធផលអភិវឌ្ឍជាច្រើន ដែលផ្តល់ផលប្រយោជន៍ដល់កម្ពុជាដោយឈរលើប្រទេសចិន បានគម្រោងធំៗជាច្រើន រួមមានតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាដើម ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងបានផ្តល់លទ្ធភាព ដល់កម្ពុជាបាននាំចេញអង្ករ មៀនប៉ៃលិន ស្វាយ ដំឡូងមី ស្វាយចន្ទី ចេកអំបូងលឿង និង កៅស៊ូ ទៅកាន់ប្រទេសចិនថែមទៀតផង។

វិបុលភាពដែលជាក្តីបំណងរួមដែលមិនងាករេរបស់ប្រទេសយើងទាំងពីរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ហើយដែលតាមរយៈមិត្តភាពដែកថែប ប្រទេសចិនបានឈរ នៅលំដាប់ខ្ពស់ទី១ ក្នុងតារាងវិនិយោគិនបរទេស ដែលបានវិនិយោគក្នុងប្រទេសកម្ពុជា ជាក់ស្តែងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលវិនិយោគដោយប្រទេសចិន រួមមាន Dragon King SEZ, Shandong Sunshell SEZ, Qilu (Jian Pu Zhai) SEZ, Sihanoukville SEZ2, និង Sihanoukvill SEZ1 ដែលបានផ្តល់ការងារ រាប់សិបលានកន្លែងដល់ពលរដ្ឋកម្ពុជា ដែលមិនត្រឹមរួមចំណែក ក្នុងការផ្តល់ប្រាក់ចំណូលដល់គ្រួសារ ប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ទំហំរីកចម្រើនកាន់តែខ្លាំង ដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល តាមរយៈការនាំចេញទៅកាន់ទីផ្សារធំៗនៅលើសាកលោកផងដែរ។

បន្ថែមពីលើនេះ ការផ្តល់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន រួមជាមួយការចាក់បញ្ចូលនៃបទពិសោធន៍ នៃការកាត់បន្ថយភាពក្រីក្ររបស់សង្គមស៊ីវិលរបស់ប្រទេសចិន ក្នុងប្រទេសកម្ពុជា ដូចជា «គម្រោងតូចនិងឆ្លាតវៃ» ដែលរួមមានគម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិន កាត់បន្ថយភាពក្រីក្រនៅភូមិតានន សុទ្ធសឹងរួមចំណែកលើកកម្ពស់ជីវភាព ដោយផ្ទាល់ជូនដល់ប្រជាជនកម្ពុជា។

ភាតរភាពជាដែកឆក់ស្រូបទាញទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជននៃប្រទេសយើងទាំងពីរ ដូចដែលយើង បានរំលឹកឡើងវិញនូវប្រវត្តិជាង២ពាន់ឆ្នាំ នៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន កាលពីឆ្នាំ២០២៤បញ្ជាក់ស្រាប់។ ជាសច្ចភាព ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ បានយល់ស្របគ្នាថា ទំនាក់ទំនងប្រជាជន-ប្រជាជនគឺជាកូនសោរគន្លឹះ នៃមិត្តភាពដែកថែប។ ស្របពេលដែលកម្ពុជាកំពុងសាទរ ទទួលអំណរសង្ក្រាន្តឆ្នាំម៉្សាញ់ ប្រជាជនចិនក្នុងប្រទេសកម្ពុជា ក៏បានកម្សាន្តនិងរីករាយរួមគ្នាផងដែរដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីកម្លាំងរួមគ្នានៅក្នុងគំនិតផ្តួចផ្តើមអរិយធម៌សកល។

បន្ថែមពីលើនេះ ក្នុងឆ្នាំម៉្សាញ់នេះ ប្រជាជនកម្ពុជាទទួលបាននូវអំណរទ្វេពីការទទួលទេវតាឆ្នាំថ្មី និងទទួលស្វាគមន៍ដំណើរ បំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិនមកកម្ពុជារយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧ និងទី១៨ ខែមេសា ឆ្នាំ២០២៥ ដូចទៅនឹងប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងនាឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ថា «មិនខ្វល់គេអត្ថាធិប្បាយយ៉ាងណា នោះឡើយ សម្រាប់ទំនាក់ទំនងរវាងកម្ពុជានិងចិន ប៉ុន្តែតាមរយៈសមិទ្ធផលនិងការផ្លាស់ប្តូរ នៃដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ នៃប្រទេសយើងទាំងពីរ គឺបង្ហាញច្បាស់នូវទំនាក់ទំនងកម្ពុជា-ចិន»

ជារួម រយៈពេល៦៧ឆ្នាំនៃមិត្តភាពដ៏រឹងមាំ ឬជាមិត្តភាពដែកថែប ដោយប្រទេសយើងទាំងពីរតែងបានឈររួមគ្នានៅក្នុង «ការពិគ្រោះយោបល់និងរៀនសូត្រពីគ្នា ការចែករំលែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការរួមគ្នាកសាងសហគមន៍ ដែលមានវាសនារួម» ដែលក្លាយជាគំរូនៃមិត្តភាពសម្រាប់បណ្តាប្រទេសនានាក្នុងពិភពលោក ហើយមិត្តភាពដែកថែបនេះ ជាសក្ខីភាពដ៏មានអានុភាព ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសយើងទាំងពីរ ក្នុងការរក្សាសន្តិភាព លើកកម្ពស់ការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជានិងចិន ស្ថិតនៅក្នុងបេសកកម្មនៃការរួមគ្នាកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី» បង្ហាញពីមាគ៌ាដ៏ត្រឹមត្រូវឥតខ្ចោះនូវចំណងមិត្តភាពរវាងកម្ពុជានិងចិន ឆ្ពោះទៅអនាគតកាន់តែល្អបវរ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន