(ឧត្តរមានជ័យ)៖ លោក សុី ប្រាសិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ​ តំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត​មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ នៅវេទិកា​អ៊ុំ​ទូកបឹងស្នោរ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះដែរលោក សុី ប្រាសិទ្ធ និងលោក​ឃិន ញ៉ាណ បានបួងសួង សូមឱ្យទេវតាឆ្នាំថ្មី ជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី សុភមង្គល វិបុលសុខ គ្រប់ប្រការ កើតមានដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្តឧត្ដរមានជ័យ។

​ពិធីរៀបចំទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័ក ព.ស២៥៦៩ គ.ស ២០២៥ ដោយបានរៀបចំធ្វើឡើងទៅតាមប្រពៃណីទំនៀម សុទ្ធតែបានរៀបចំគ្រឿងសក្ការៈបូជា ផ្លែឈើ ផ្កាភ្ញី គ្រឿងក្រអូប សម្រាប់ទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ដែលនឹងចុះមកឃុំគ្រងដែនជម្ពូរទ្វីប ជំនួសទេវតាឆ្នាំចាស់ ទៅតាមប្រពៃណីទំនៀមទំលាប់ខ្មែរ។

បុណ្យចូលឆ្នាំថ្មី បានរំលឹកឱ្យយើងម្នាក់ៗ ដឹងថាអាយុកាលនៃការរស់នៅកាន់តែវិវត្តន៍ទៅមុខឥតឈប់ឈរ និងកាន់តែឆាប់រហ័ស ដូច្នេះតម្រូវឲ្យបុគ្គលគ្រប់រូបព្យាយាមប្រព្រឹត្តតែអំពើល្អ អំពើជាកុសល សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិ។

ទេវតាឆ្នាំថ្មី បានចុះមកគ្រប់គ្រងផែនដីជំនួសទេវតា ឆ្នាំចាស់ គឺឆ្នាំម្សាញ់សង្គ្រាន្ត ចូលនៅថ្ងៃច័ន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង៤និង៤៨នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមេសា។​

ដោយឡែកសម្រាប់ព្រឹត្តិការណ៍«សង្ក្រានឧត្តរ»ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តឧត្តរមានជ័យ នៅសួនច្បារផ្លូវភ្លោះបឹងស្នោរ មុខសាលាខេត្ត ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​នេះ គឺបានរៀបចំយ៉ាងស្រស់ស្អាតជាងឆ្នាំកន្លងទៅ ប្រកបដោយភាពទាក់ទាញ ជាមួយនឹងការដាក់តាំងបង្ហាញផលិតផលនានា ការប្រគុំតន្ត្រី ល្បែងប្រជាប្រិយ អុជកាំជ្រូច និងព្រឹត្តិការណ៍សប្បាយៗជាច្រើនទៀត សូមបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី មកលេងកម្សាន្ត «សង្ក្រានឧត្ត»ឱ្យបានច្រើនកុះករ៕