(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្របពេលដែលសពលោក ប៉ែន សុវណ្ណ បានធ្វើការដង្ហែពីខេត្តតាកែវ មកកាន់រាជធានីភ្នំពេញ, លោក ផៃ ស៊ីផាន អ្នកនំាពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងអំពីទិដ្ឋភាពនយោបាយកន្លងមក ដែលជាអតីតភាព នៃការវិវាទនយោបាយនៅក្នុងរដ្ឋកម្ពុជា រវាងទស្សនៈនយោបាយ របស់លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងទស្សនៈនយោបាយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាពេលបច្ចុប្បន្ននេះ។
លោក ផៃ ស៊ីផាន បានរៀបរាប់ពីមន្ទីរពេទ្យសុខុមវិត ទីក្រុងបាងកក យ៉ាងដូច្នេះថា៖ អាស្រ័យដោយអ្នកសារព័ត៌មាន បានផ្ញើសារជាសំណួរជាច្រើនសួរអំពីទិដ្ឋភាពនយោបាយកន្លងមក ដែលជាអតីតភាព នៃការវិវាទនយោបាយនៅក្នុងរដ្ឋកម្ពុជា រវាងទស្សនៈនយោបាយរបស់ ឯកឧត្ដម ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងទស្សនៈនយោបាយសម្ដេចតេជោ ហ៊ុន សែន។
វិវាទនយោបាយខាងលើនេះ បើតាមឯកសារនានា បានលើកឡើងជាការវិវាទរវាងការតតាំងជាមួយខ្មែរ និងខ្មែរក្រហម ដោយរក្សាមិត្តភាព សាមគ្គីភាពរវាងរដ្ឋកម្ពុជា ជាមួយនឹងកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការប្រឈមជាមួយនឹងការកាប់សម្លាប់របស់យោធាខ្មែរក្រហម ដើម្បីពង្រឹងសុវត្ថិភាព សន្តិសុខជាតិ និងរៀបចំជាជំហានៗ នៃការពង្រឹងរដ្ឋអំណាចឯករាជ្យម្ចាស់ការ ដើម្បីសណ្ដាប់ធ្នាប់សាធារណៈ ដែលខុសគ្នាពីទស្សនៈនយោបាយ ឯកឧត្ដម ប៉ែន សុវណ្ណ គឺបង្កើតរណសិរ្សប្រយុទ្ធពីរ គឺប៉ូលខ្មែរក្រហម និងប៉ូលរបស់វៀតណាម។ នៅទីបញ្ចប់ កងទ័ពស្ម័គ្រចិត្តវៀតណាមបានចាកចេញពីកម្ពុជាក្នុងភាតរភាព និងរក្សាកិច្ចសហការជាមួយរដ្ឋកម្ពុជា ដូចសម័យសម្ដេចតា ឬព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានធ្វើជាមួយកងទ័ពបារាំង នៅក្នុងសម័យកាលទាមទារឯករាជ្យ។
នៅក្នុងកំណែទម្រង់នយោបាយដ៏គ្រោះថ្នាក់បំផុត នៃទស្សនៈនយោបាយតេជោ ដែលមានទិសមួយចំហៀងប្រឆាំង និងការពារប្រជាពលរដ្ឋពីការកាប់សម្លាប់ របស់ខ្មែរក្រហម និងរណសិរ្សដទៃទៀតនោះ សម្ដេចតេជោ និងកងទ័ពកម្ពុជា ក៏បានពង្រឹងភាពឯករាជ្យម្ចាស់ការ នៅលើសមរភូមិអាវុធ ក៏ប៉ុន្តែសមរភូមិនយោបាយ សម្ដេចតេជោ ក៏ចាប់ផ្ដើមទស្សនៈនយោបាយស្វែងរកការបង្រួបបង្រួមជាតិ និងកសាងសន្តិភាព រវាងភាគីខ្មែរ និងខ្មែរ ដែលប្រសូត្របាននូវសេចក្ដីព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសនេះ។ លទ្ធផលចុងក្រោយបានបង្ហាញច្បាស់លាស់ណាស់នូវលទ្ធផលនៃទស្សនៈនយោបាយសម្ដេចតេជោ ដើរចំទិសដៅសន្តិភាព និងឯករាជ្យ មកកាន់មាតុភូមិ។ នេះជាទស្សនៈនយោបាយរបស់សម្ដេចតេជោខុសគ្នា រវាងទស្សនៈនយោបាយរបស់ ឯកឧត្ដម ប៉ែន សុវណ្ណ។ ដូចជាពាក្យស្លោកខ្មែរបានចែងថា «ធ្វើការមិនបានការ គឺខ្មែរមិនយក» «ធ្វើការបានការ ក៏ប៉ុន្តែមានជម្លោះ ក៏ខ្មែរមិនយកដែរ គឺខ្មែរយកធ្វើការបានការ ហើយគ្មានជម្លោះ»។
ទស្សនៈនយោបាយ សម្ដេចតេជោ គឺមាននិន្នាការយកសន្តិភាព និងសាមគ្គីភាពជាធំ។ ទស្សនៈវិជ្ជានយោបាយរបស់សម្ដេចតេជោនេះ ក៏បានក្លាយជាមរតកដល់យុវជន ជំនាន់ក្រោយ ដែលគេតែងនិយាយ នៅក្នុងទម្រង់នៃកិច្ចផ្សះផ្សាជាតិ សាមគ្គីជាតិ ដូចដែលបានលឺតាមការលើកឡើងរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត នៅក្នុងដំណើរ ទស្សនកិច្ចក្រៅប្រទេស ជួបជាមួយប្រជាពលរដ្ឋខ្មែរ ដើម្បីពន្យល់ប្រាប់ពីបច្ចុប្បន្នភាព នៃការវិវត្តន៍កម្ពុជាជូនដល់ (មហាគ្រួសារខ្មែរ) នេះជាទស្សនទាននយោបាយ ដែលវីរៈជនរបស់ខ្មែរបានអនុវត្ត គឺព្រះបរមរតនកោដ្ឋ និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕