(ភ្នំពេញ)៖ ការថ្វាយព្រះពរ ថ្វាយព្រះមហាក្សត្រ សម្តេចព្រះវររាជមាតា ជាតិ ខ្មែរ និងការជូនពររវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរទូទៅជាកាយ វិការមួយត្រូវបានប្រកាន់យក និងប្រកបដោយសីលធម៌ខ្ពស់មួយក្នុង សង្គម ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម បើទោះបីបច្ចុប្បន្នខ្លួនត្រូវរស់នៅ ក្រោមការគ្រប់គ្រងរបស់វៀតណាម តែទឹកព្រះទ័យ និងដួងចិត្តនៅតែ តម្កល់ ការគោរពចំពោះព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាតិកម្ពុជា ជាព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរបស់ខ្លួនផងដែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ព្រះកិត្តិបណ្ឌិត បធាន ជ្ងោ តោ ថាច់ អង ព្រះមេគណខេត្តព្រះត្រពាំង ខ្មែរកម្ពុជាក្រោម បានផ្ញើសារលិខិតជាជូនពរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
ក្នុងសារលិខិតជូនពរនោះ, ព្រះមេគណខេត្តព្រះត្រពាំង បានគូសរំលេចថា គណៈមន្ត្រីសង្ឃ និងព្រះសង្ឃខ្មែរនៅខេត្តព្រះត្រពាំង ពិតជាមានក្តីសោមនស្សរីករាយចំពោះសកម្មភាពរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាជនទូទៅក្នុងប្រទេស។ ជាពិសេស ក្នុងកាលកន្លងមកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំដង្ហែអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរមកកាន់វត្តស្វាយសៀមថ្មី នៅស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែលព្រះសង្ឃទូទាំងខេត្តតែងតែនឹករឭកជានិច្ច។
ក្នុងសារជូនពរ ក៏បានគូសរំលេចពីការប្រគេនព្រះត្រៃបិដក និងវចនានុក្រមតម្កល់ទុកក្នុងវត្តអារាមព្រះពុទ្ធសាសនា ក្នុងគោលបំណងថែរក្សាព្រះពុទ្ឋសាសនា និងអក្សរសាស្ត្រជាតិផងដែរ។
ស្របឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គណៈមន្ត្រីសង្ឃ និងព្រះសង្ឃខ្មែរខេត្តព្រះត្រពាំង សូមប្រសិទ្ធពរបវរមហាប្រសើរ និងបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្តីជ័យ មង្គលវិបុលសុខ មហាប្រសើរជូន សម្តេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅៗទាំងអស់ សូមបាន ប្រកបដោយសុខភាពបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ព្រមទាំងពរ ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ :និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕