(កំពង់ធំ)៖ សង្គ្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ បានចូលមកដល់នៅវេលាម៉ោង៤៖៤៥នាទីទាបភ្លឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសដ៏រីករាយនេះដែរ ក្រុមប្រឹក្សាខេត្តកំពង់ធំ គណៈអភិបាល អាជ្ញាធរសង្កាត់ ក្រុងស្ទឹងសែន កងកម្លាំងប្រដាប់អាវុធ បានកំណត់យកទីតាំងសួនមាត់ស្ទឹងសែន ដើម្បីប្រារព្ធពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មីព្រះនាមគោរាគទេវី បុត្រីទី២ កបិលមហាព្រហ្ម ។
លោក ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត លោក ញ៉ឹក បានខេង អភិបាលរងខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានអុចធូបបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី, សុំជួយបីបាច់ ថែរក្សាអភិបាលប្រោះព្រំដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ឱ្យមានសេចក្តីសុខចំរើន និងទទួលបានជោគជ័យ ក្នុងគ្រប់ការងារ ក្រោមម្លប់នៃសន្តិភាព នាឆ្នាំថ្មីនេះ។
ថ្នាក់ដឹកនាំខេត្តបានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជម្រះនូវគ្រោះចង្រៃទាំងឡាយទាំងពួង ដែលកើតមានពីឆ្នាំចាស់ ឱ្យជ្រះស្រលះ និងទទួលពរជ័យ សិរីសួរស្តី ពីទេវតាឆ្នាំថ្មីព្រមទាំងសម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានបង្កើតសង្ក្រាន្តកំពង់ធំ រួមទាំងការតុបតែងលំអរតាមផ្លូវមាត់ស្ទឹងសែន និងកន្លែងសប្បាយភាពនានា រួមទាំងការបង្កើតឲ្យមានការលេងល្បែងរបាំប្រជាប្រិយ៍ខ្មែរ ច្រើនទម្រង់ ការប្រគុំតន្រ្តី រួមទាំងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានយ៉ាងល្អ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយប្រពៃណីវប្បធម៌ជាតិដ៏ល្អផូរផង់, ការទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកំសាន្តតាមរយៈការរៀបចំសង្គ្រាន្តតាមអង្គភាព, តាមក្រុមហ៊ុន, សាលារៀន, វត្តអារាមជាដើម។
ពិធីខាងលើនេះក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាព រវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹកឡើងវិញនូវសមិទ្ធិផលនានា ដែលខេត្តកំពង់ធំ រួមជាមួយប្រជាពលរដ្ឋ បានកសាងឡើង ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ, ការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់, ការលើកកម្ពស់សោភណ្ឌភាពបរិស្ថានផងដែរ។
ទន្ទឹមនឹងការរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយ៍មានទាញព្រ័ត្រ, លោតបាវ,ចោលឈូង,បោះអង្គុញ,លាក់កន្សែងនិងរាំលេងកំសាន្តក៏មានការរៀបចំជាស្តង់លក់ទំនិញបែបអនុស្សាវរីយ៏ជាខ្មែរ ជាអាហារហូបចុកជាច្រើនមុខថែមទៀត។
លោក ញ៉ឹក បានខេង បានលើកឡើងថា យើងបានសប្បាយរីករាយ គឺដោយសារយើងមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់របស់ស្ថាបនិកសន្តិភាពគឺ សម្តេចតេជោ ហ៊ុន សែន និងដឹកនាំបន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ នៃរដ្ឋសភាដែលបានធ្វើឲ្យកម្ពុជា បោះជំហ៊ានទៅមុខលើគ្រប់វិស័យ ធ្វើអោយកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
ក្នុងឱកាសបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ មេសានេះដែរ រដ្ឋបាលខេត្តសូមអំពាវនាវដល់ប្អូនៗក្មួយៗជាយុវ័យសិស្សសាលា, កម្មករ កម្មការនី ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពេលបើកបរ, មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍, ចូលរួមទប់ស្កាត់ ការពារគ្រោះអគ្គិភ័យ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះភ្លើងទៀន ធូប, ចង្គ្រាន ចរន្តអគ្គិសនីជាដើម និងជៀសវាងការលេងបាញ់ទឹក, ជះទឹក, គប់ស្បោងទឹក, លាបធ្យូង ប៉ាតម្សៅ ទះ គក់ដោយដៃ ឬវាយនឹងរំពាត់ទៅលើអ្នកដំណើរ, ការជិៈម៉ូតូបង្ហោះតាមដងផ្លូវ ,ហាមដាច់ខាតការលេងល្បែងស៊ីសង ដុតផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ។ ត្រូវចូលរួមរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរស័ក្តិសម ជាកុលបុត្រ កុលធិតាខ្មែរ ប្រកបដោយគុណធម៌ និងសីលធម៌៕