(សៀមរាប)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយក្រុមកីឡាករកីឡាការិនី ក្បាច់គុនល្បុក្កតោខ្មែរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅបរិវេណខាងមុខមុខប្រាសាទអង្គរវត្ត។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណដល់លោកគ្រូព្រឹទ្ធាចារ្យ ដែលបានធ្វើការស្រាវជ្រាវ សង្គ្រោះនូវក្បាច់គុនល្បុក្កតោរបស់ខ្មែរ ដែលសឹងបាត់សាបសូន្យឱ្យបានរស់ឡើងវិញ រហូតក្បាច់គុនល្បុក្កតោខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០២២។

ឧបនាយករដ្ឋមន្ត្រី បន្តថា ល្បុក្កតោជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សរ៍មកហើយ និងបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន ហើយចម្លាក់លើជញ្ជាំងប្រាសាទ ក៏ជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុន ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។

ឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្បាច់គុនល្បុក្កតោ ជាកីឡាបែបប្រពៃណី ហើយការដាក់បញ្ចូលក្នុងបញ្ជីរបស់យូណេស្កូនេះ នឹងជួយលើកតម្កើងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរនៅលើឆាកអន្តរជាតិសម្រាប់ការសន្ទនាអន្តរវប្បធម៌ សណ្ដាប់ធ្នាប់និងការអធ្យាស្រ័យក្នុងសង្គម ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់កូនចៅជំនាន់ក្រោយ។

ជាមួយនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានជំរុញដល់កីឡាករ កីឡាការិនីទាំងអស់ បន្តហ្វឹកហាត់ និងធ្វើការបង្ហាត់បង្រៀនដល់ប្អូនៗជំនាន់ក្រោយ ដើម្បីលើកតម្កើងបេតិកភណ្ឌវប្បធម៌ ថែរក្សាឱ្យបានគង់វង្ស និងសូមឱ្យទេវតាឆ្នាំថ្មីជួយថែរក្សាឱ្យជួបតែសេចក្ដីសុខ ក្នុងការបំពេញការងារនៅព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ៕