(រតនគិរី)៖ ៣នាក់ម្តាយ កូនបង្កើត និងកូនប្រសារ ត្រូវបានតុលាការខេត្តរតនគិរី ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត បានចុះឃាត់ខ្លួន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃ៣០ខែតុលា នៅផ្ទះលក់សាច់គោមួយកន្លែង ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ នេះបើយោងតាម លោក សួស ឡា ប្រធានតុលាការខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា ប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យ៣នាក់ ម្តាយកូននេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ២គ្រួសារ ដែលបានបាត់សត្វគោ និងក្របីជាញឹកញាប់នោះមក។
ជនសង្ស័យទាំង៣នាក់ម្តាយកូននេះ គឺជាគ្រួសារមួយដែលមានប្តីធ្វើជាមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តរតនគិរីផងដែរ។ មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលតុលាការខេត្តឃុំខ្លួន រួមមានទី១.ឈ្មោះហ៊ីម សុះ អាយុ៥១ឆ្នាំ មានប្តីឈ្មោះ ឯក សុផាត ជាមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ២.ឈ្មោះផា ដេវិ អាយុ២២ឆ្នាំ ជាកូនប្រុសបង្កើត និង៣.ឈ្មោះលី សាកី អាយុ២៨ឆ្នាំ ត្រូវជាកូនប្រសារ។
ជនសង្ស័យបានរងការប្តឹងពីប្រជាពលរដ្ឋចំនួន២គ្រួសារ អ្នកប្តឹងនោះមានឈ្មោះសុំ វ៉ន ភេទប្រុស អាយុ៤២ឆ្នាំ (ម្ចាស់គោ) រស់នៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង និងម្នាក់ទៀតឈ្មោះក្រទុត ហ្វឿង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិគ្រឹងរស់នៅភូមិធួយទុំ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី ។
ជនរងគ្រោះបានប្តឹងនគរបាលខេត្តថា ពួកគាត់បានបាត់សត្វគោចំនួន៣ក្បាល និងសត្វក្របីចំនួន៤ក្បាល ហើយស្នើឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកឲ្យពួកគេផង។ មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា ក្រោយទទួលបានពាក្យបណ្តឹងនោះភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី បានចុះឆែកឆេរលំដ្ឋានកាប់គោលក់មួយកន្លែងនៅក្នុងក្រុង ហើយបានរកឃើញសត្វក្របី១ក្បាល ដែលក្រុមចោរមិនទាន់សម្លាប់យកសាច់ ដែលគេបានចងទុកនៅក្រោយផ្ទះ។
បន្ទាប់មកសមត្ថកិច្ចបានរកឃើញ សាច់សត្វក្របីមានទម្ងន់ជាង១០០គីឡូក្រាម ក្បាលក្របីចំនួន៣ដែលទើបកាប់ថ្មីៗ សាច់សត្វគោជាង១០០គីឡូក្រាម ក្បាលគោចំនួន៣ និងកូននៅក្នុងពោះ ចំនួន៣ក្បាលទៀតផងដែរ។ មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា ក្រោយការរកឃើញវត្ថុតាងទាំងនោះរួចមក តំណាងអយ្យការ នៃសាលាដំបូងខេត្ត បានបញ្ជាឲ្យសមត្ថកិច្ចរឹបអូសសាច់សត្វគោ និងក្របី ព្រមទាំងឃាត់ខ្លួនជនសង្ស័យ៣នាក់ ប៉ុន្តែពេលចុះឆែកឆេរផ្ទះនេះ មន្ត្រីនគរបាលរូបនោះមិននៅផ្ទះនោះទេ។
លោកបញ្ជាក់ថា ក្រោយការដកហូតយកវត្ថុតាងនោះរួចមក សត្វក្របីនៅរស់១ក្បាល និងសាច់សត្វក្របី និងគោដែលសមត្ថកិច្ចរកឃើញនោះ ត្រូវបានប្រគល់ទៅឲ្យពលរដ្ឋរងគ្រោះ ដែលជាម្ចាស់សត្វគោ និងក្របីវិញនោះហើយដែរ។ គេនៅមិនទាន់ដឹងថា តើមន្ត្រីនគរបាលម្នាក់ដែលត្រូវជាប្តីស្ត្រីសង្ស័យលួចគោក្របីអ្នកស្រុកកាប់សាច់លក់នៅក្នុងផ្សារក្រុងបានលុងនោះ អាចនឹងជាប់ជំពាក់ នៅក្នុងការឃុបឃិតលួចសត្វពាហនៈអ្នកស្រុក កាប់សាច់លក់នោះដែរឬយ៉ាងណានោះនៅឡើយទេ៕