(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដី ក្រោមឱវាទរាជធានីភ្នំពេញ បានរៀបចំពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័កព.ស២៥៦៩ គ.ស ២០២៥ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលជានិមិត្តរូប នៃការកកើតរាជធានីភ្នំពេញ។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី ជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី និងលោក កែ ប៊ុនឡេង តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយបានធ្វើឡើងទៅតាមប្រពៃណីទំនៀមទំលាប់ ដែលប្រជាពលរដ្ឋគ្រប់លំនៅដ្ឋាន អង្គភាព ស្ថាប័ន សាលារៀន ក្រុមហ៊ុនទាំងរដ្ឋ និងឯកជន សុទ្ធតែបានរៀបចំគ្រឿងសក្ការៈបូជា ផ្លែឈើ ផ្កាភ្ញី គ្រឿងក្រអូប សម្រាប់ទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ដែលនឹងចុះមកឃុំគ្រងដែនជម្ពូរទ្វីប ជំនួសទេវតាឆ្នាំចាស់ ទៅតាមប្រពៃណីទំនៀមទំលាប់ខ្មែរ។

បុណ្យចូលឆ្នាំថ្មី បានរំលឹកឲ្យយើងម្នាក់ៗ ដឹងថា អាយុកាលនៃការរស់នៅកាន់តែវិវត្តន៍ទៅមុខឥតឈប់ឈរ និងកាន់តែឆាប់រហ័ស ដូច្នេះតម្រូវឲ្យបុគ្គលគ្រប់រូបព្យាយាមប្រព្រឹត្តតែអំពើល្អ អំពើជាកុសល សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិ។

ទេវតាឆ្នាំថ្មី បានចុះមកគ្រប់គ្រងផែនដីជំនួសទេវតា ឆ្នាំចាស់ គឺឆ្នាំម្សាញ់សង្គ្រាន្ត ចូលនៅថ្ងៃច័ន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង៤និង៤៨នាទីទៀបភ្លឺ ថ្ងៃទី១៤ មេសា។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំតុបតែងលំអរសោភណ្ឌភាពយ៉ាងស្រស់ឆើតឆាយសក្ត័សមជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការលំអរភ្លើងចម្រុះ ការដាក់តាំងលំអររូបពស់វែកជានិមិត្តរូបឆ្នាំម្សាញ់ដ៏ធំ រូបម្កុដ រូបពិណ្យបុរាណខ្មែរ ព្រះរាជរតន៍ មានការដាក់តាំងរូបសត្វតំណាងឆ្នាំទាំង១២, កន្លែងប្រគុំតន្ត្រី កន្លែងលេងល្បែងរបាំប្រជាប្រិយ៌ដែល រៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ សម្រាប់សង្ក្រាន្ដវត្តភ្នំ ឲ្យមានភាពអធិកអធមជាងបណ្តាឆ្នាំមុនៗ។

អ្វីដែលពិសេសជាងនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឲ្យមានផ្លូវថ្មើរជើង តាមតេរៈវិថីព្រៈស៊ីសុវត្ថិ មុខព្រះបរមរាជវាំង ដែលតភ្ជាប់លំហូរប្រជាពលរដ្ឋ ពីសង្គ្រាន្តវត្តភ្នំ ទៅកាន់ផ្លូវថ្មើរជើង ដែលកំពុងពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ដែលរដ្ឋបាលរាជធានីភ្នំពេញបើកឲ្យដំណើរការ២ថ្ងៃនាចុង សប្តាហ៏គឺថ្ងៃសៅរ៏ និងថ្ងៃអាទិត្យ។ ដោយឡែក សម្រាប់ថ្ងៃបុណ្យចូលឆ្នាំរដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យដំណើរការកម្សាន្ដសប្បាយ៣ថ្ងៃបន្ថែមទៀតនៅផ្លូវថ្មើរជើង។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័កព.ស២៥៦៩ គ.ស២០២៥ ក្នុងន័យលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងទីក្រុង និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវលើកកម្ពស់ការយកចិត្តទុកដាក់ការពារគ្រោះអគ្គីភ័យ ដែលអាចកើតមានជាយថាហេតុ ដោយសារការធ្វេសប្រហែស។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរ ក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ៕