(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន បានក្រុងពាលីសូត្រមន្ត បួងសួងសុំសេចក្តីសុខ និងទស្សនារបាំត្រុដិ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន មានមាតា បិតា ញាតិការទាំង៧ សណ្តាន និងអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ នៅសាលាខេត្ត នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។

ពិធីនេះបានធ្វើឡើងស្ថិតក្រោមអធិបតីភាពទេសរដ្ឋមន្ក្រី អ៉ីឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រ, ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត សមាជិក ក្រុមប្រឹក្សាខេត្ត, ប្រធានមន្ទីរអង្គភាពនានា មន្រ្តីរាជការជុំវិញខេត្ត និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ចំណុះ សាលាខេត្តទាំងអស់ចូលរួមផងដែរ។

រដ្ឋបាលខេត្តប៉ៃលិនតែងតែបានរៀបចំពិធីនេះឡើងជារៀងរាល់ឆ្នាំតាមប្រពៃណីសាសនាដោយមានការបួងសួង ព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តប្រោះព្រំលើករាសី សុំសិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការចំណុះ រដ្ឋបាលខេត្ត ទាំងអស់ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ក្រី អ៉ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធនៅលើលោកនេះ និងទេវតាឆ្នាំថ្មីដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យ សិរីមង្គលបវរមហា ប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ បានទទួលនូវសុខភាពល្អ សេចក្ដីសុខ ចម្រើន និងជោគជ័យរាល់ការបំពេញភារកិច្ចក្នុងឆ្នាំថ្មីនេះ។

ពិធីសាសនានេះ ជាការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេលប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមម្លប់នៃសន្ដិភាព ដែលរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏ល្អប្រសើរ និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូលផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័កព.ស. ២៥៦៨ គ.ស ២០២៥ គឺប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣-១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានទេពធីតា ព្រះនាមព្រះនាម គោរាគៈទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរ ពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អភរណទ្រង់ពាក់ កែវមុតា ភក្សាហារទ្រង់តេលំ(ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់ផ្ទំបិទព្រះនេត្រលើខ្នងស្ដេចខ្លា ជាពាហនៈ៕