(ពោធិ៍សាត់)​៖ កម្លាំងនគរបាលក្រុងពោធិ៍សាត់ សហការជាមួយមន្ត្រីធម្មការខេត្ត បានធ្វើការឃាត់ខ្លួនជនកំហូច ២នាក់ ដែលបន្លំខ្លួនធ្វើជាព្រះសង្ឃដើរបិណ្ឌបាត្រនៅចំណុចផ្សារថ្មីពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​។

សមត្ថកិច្ចនគរបាលក្រុង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា អំពើបាបខាងលើ ប្រព្រឹត្តឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១៦ ដែលជនល្មើសទាំង២នាក់ មានឈ្មោះ ១.សួង អ៊ុត អាយុ៤៨ឆ្នាំ មានប្រពន្ធឈ្មោះ កុយ យី អាយុ៥០ឆ្នាំ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត មានកូនក្នុងបន្ទុក៤នាក់, ២.គង់ បូរ៉ា អាយុ៣៤ឆ្នាំ មានប្រពន្ធឈ្មោះ ផន យៀន អាយុ៣៣ឆ្នាំ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត មានកូនក្នុងបន្ទុក១នាក់។​

វត្ថុតាងដែលដកហូតបានរួមមាន៖ បាត្រចំនួន២ ឆ័ត្រចំនួន២ដើម ស្បង់ចីវរចំនួន២ឈុត សំពត់ងូតចំនួន២ ថង់យាមចំនួន២ និងវត្ថុតាងមួយចំនួនទៀត។

បន្ទាប់ពីប្រជាពលរដ្ឋមានការងឿយឆ្ងល់ ហើយបានរាយការណ៍មកអាជ្ញាធររួចមក ព្រះសង្ឃកិច្ចកោសល យ៉ែម ហន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តពោធិ៍សាត់ មន្រ្តីសង្ឃ និងមន្ត្រីធម្មការខេត្ត បានពិនិត្យព្រះឆាយាល័ក្ខណ៍ទើបដឹងថា ជនទាំង២នាក់នោះ មិនមែនជាព្រះសង្ឃពិតប្រាកដទេ ក៏សម្រេចបកស្បង់ចីវរព្រះសង្ឃទាំង២អង្គនោះ ហើយប្រគល់ឲ្យសមត្ថកិច្ច យកទៅចាត់ការតាមនីតិវិធី៕