(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីពិធីដង្ហែពស់រួច បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជិត ឆ្ងាយ មកកម្សាន្តឱ្យបានច្រើនកុះករ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះខេត្តកំពង់ចាមមានការរៀបចំកម្មវិធីសប្បាយៗ ប្លែកៗជាច្រើន ដើម្បីបង្ករលក្ខណៈជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជិតឆ្ងាយបានសប្បាយទាំងអស់គ្នា។

លោក អ៊ុន ចាន់ដា បានថ្លែងថា៖ «ការរៀបចំសង្ក្រាន្តយើងក្នុងឆ្នាំ២០២៥នេះ ស្របដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំស្នើសុំចុះ «មហាសង្ក្រាន្ត ឬចូលឆ្នាំខ្មែរ» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ យកឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ចេញមកចូលរួមលេងសម្សាន្តសប្បាយក្នុងឱកាសនៃការរៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីចូលរួមថែរក្សា និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីទំនៀមទំលាប់វប្បធម៌ខ្មែរ ឱ្យនៅតែបន្ដស្ថិតស្ថេរគង់វង្ស ថ្កុំថ្កើង និងរក្សាបាននូវភាពល្អត្រចេះត្រចង់ និងជាការបង្ហាញ និងចូលរួមគាំទ្រយ៉ាងពេញទំហឹងដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការស្នើសុំចុះ «មហាសង្ក្រាន្ត ឬចូលឆ្នាំខ្មែរ» ទៅក្នុងបញ្ជីមរកតវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ»

លោកអភិបាលខេត្ត បានគួររម្លឹកថាកាលពីសង្ក្រាន្ត ឆ្នាំ២០២៤កន្លងទៅ មានបងប្អូនប្រជាពលរដ្ឋបានអញ្ជើញមកលេងកម្សាន្ត ប្រមាណជាង ៥លានដង/នាក់ ហើយលោកសង្ឃឹមថាឆ្នាំនេះ នឹងមានបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមលេងកាន់តែច្រើនថែមទៀត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អទើបយើងមានឱកាសរៀបចំ កម្មវិធីផ្សេងៗ ក៏ដូចជាការរៀបចំកម្មវិធីសង្ក្រាន្តកំពង់ចាម ដែលរដ្ឋបាលខេត្តបានរៀបចំនៅទីនេះ និងនៅតាមរមណីយដ្ឋាននានាតាមបណ្តាក្រុង-ស្រុក ហើយជាមួយគ្នានេះក៏មាននៅតាមទីវត្តអារាមទូទាំងខេត្តកំពង់ចាមផងដែរ។ អ្វីដែលកាន់តែពិសេសនោះ សង្ក្រាន្តកំពង់ចាម មានរៀបចំលៀសហាល ចំនួន៣តោន មានប្រវែង ១,០០០ម៉ែត្រ ចាប់ពីវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីមុខសាលាខេត្ត រហូតដល់វេទិកាអុំទូក។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំការផ្តល់ សេវា WiFi ដោយឥតគិតថ្លៃ ដែលរដ្ឋបាលខេត្តបានរៀបចំផ្តល់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស ដោយមានឈ្មោះ «Sangkran KPC-2569» និងរៀបចំពាងទឹក នៅអមសងខាងតាមបណ្តោយផ្លូវមុខសាលាខេត្ត និងផ្លូវភ្លោះព្រះមុនីវង្សចាប់ពីមុខភោជនីដ្ឋានហាវអាន ដល់វេទិកាអុំទូក រួមនឹងការរៀបចំតុបតែងលំអរ ក្នុងក្រុងកំពង់ចាមយើងឱ្យកាន់តែមានភាពស្រស់បំព្រងទ្វេឡើងបន្ថែមទៀត។

ជាមួយគ្នានេះ ក្នុងខេត្តក៏មានការប្រគុំតន្ត្រី តាំងពិព័រណ៌ និងប្រដាល់គុណខ្មែររយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែមេសា នៅមាត់ទន្លេក្រោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បងប្អូនប្រជាពលរដ្ឋ ពិសេសក្មួយៗយុវជនរបស់យើងដែលមានបំណង មកចូលរួមលេងសប្បាយរីករាយក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ពិសេសក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ក្មួយៗដែលរស់នៅទីជិតទីឆ្ងាយ មានឱកាសវិលត្រឡប់មកកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ មិត្តភ័ក្រ្ត ចូលរួមអំណរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរ សូមអញ្ជើញមកលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» មកលេងល្បែងប្រជាប្រិយជាច្រើន និងភ្លក្សរសជាតិ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ ព្រមទាំងប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណិតដោយសេរី និងដោយសប្បាយរីករាយ៕