Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជានឹងបញ្ជូនជនជាតិហ្វីលីពីន២៦នាក់ទៅស្រុកកំណើតវិញ, មនុស្សទាំង២៦នាក់នេះ មិនស្ថិតក្រោមស្ថានភាពគ្រោះថ្នាក់ ឬរងការគម្រាមកំហែងដូចព័ត៌មានផ្សព្វផ្សាយប្រឌិតនោះទេ (Video inside)

13-04-2025 19:11

(ភ្នំពេញ)៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនជាតិ និងអន្តរជាតិជ្រាបថាដោយទទួលបានគោលការណ៍ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងរៀបចំបញ្ជូនពលរដ្ឋហ្វីលីពីនចំនួន២៦នាក់ ដែលកំពុងធ្វើការនៅកាស៊ីណូមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ចេញពីភ្នំពេញ ទៅទីក្រុងម៉ានីលឡា ក្រោមការយកចិត្តទុកដាក់រៀបចំ និងចំណាយពីនិយោជកផ្ទាល់។

បើតាមរយៈសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា៖ «មូលហេតុនៃការ បញ្ជូនចេញជនជាតិហ្វីលីពីនទាំង២៦នាក់នេះ ធ្វើឡើងតាមសំណូមពររបស់ស្ថានទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា»

ពលរដ្ឋហ្វីលីពីនទាំង២៦នាក់ បានធ្វើដំណើរមកកាន់កម្ពុជាដោយភាពត្រឹមត្រូវស្របច្បាប់ ដើម្បីស្វែងរកការងារធ្វើដោយខ្លួនឯង គ្មានសញ្ញាណរងគ្រោះដោយអំពើជួញដូរមនុស្ស មានសេរីភាព និងរស់នៅល្អ ព្រមទាំងទទួលបានប្រាក់ខែទៀងទាត់។ បើទោះបីពួកគេមិនស្ថិតក្រោមស្ថានភាពគ្រោះថ្នាក់ ឬរងការគម្រាម កំហែងដោយនិយោជិត ដូចព័ត៌មានប្រឌិតដោយភាគីផ្សេងទៀត ក៏អាជ្ញាធរកម្ពុជាសម្រេចរៀបចំការ បញ្ជូនចេញ ស្របតាមការសំណូមពររបស់ស្ថានទូត។

អាជ្ញាធរកម្ពុជារីករាយស្វាគមន៍រាល់សំណើសុំកិច្ចសហការដែលត្រឹមត្រូវ និងប្រកបដោយការទទួល ខុសត្រូវខ្ពស់ ហើយក៏សង្ឃឹមយ៉ាងមុតមាំថាប្រជាជនហ្វីលីពីនទាំងនោះ ក្រោយពេលត្រឡប់ទៅដល់ប្រទេស កំណើតវិញនឹងមិនបន្តបង្កើតព័ត៌មានអកុសលផ្សេងៗ ធ្វើឱ្យភ័ន្តច្រឡំប៉ះពាល់ដល់កិត្តិយសកម្ពុជា៕