(កំពត)៖ លោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត បានដឹកនាំសមាជិកក្រុមការងារទាំងអស់ចុះជួបជាមួយសមាជិកនិងថ្នាក់ដឹកនាំគណបក្សនយោបាយនិងក្រុមប្រឆាំងផ្សេងៗមកពីគណបក្សភ្លើងទៀននិងគណបក្សខ្មែររួបរួមជាតិ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក ហង្ស ភាពសមាជិកក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត, លោកស្រី ភុំ ផាន់ណាវី សមាជិកក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត, លោក ឱម ម៉ាក់ធារី សមាជិកក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត, លោក អ៊ូច សំណាង សមាជិកក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោក អ៉ឹម វីរៈ សមាជិកក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត។
ត្រឹមតែរយៈពេល ២ថ្ងៃមកនេះ(ថ្ងៃទី១១- ១៣)ខែមេសា ឆ្នាំ២០២៥ សកម្មជនមកពីគណបក្សភ្លើងទៀន, គណបក្សខ្មែររួបរួមជាតិនិងគណបក្សផ្សេងៗទៀតចំនួន៣៦៨នាក់ មកពីឃុំចំនួនពីរស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមកពី ឃុំវត្តអង្គខាងជើងចំនួន ១៦៨នាក់ និងឃុំស្ដេចគង់ខាងជើងចំនួន ២០០នាក់។
ពួកគាត់ទាំងអស់គ្នាបានសុំខន្តីអភ័យទោសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលពួកខ្ញុំកន្លងមកបានជឿខុសទៅលើមេបក្សក្រុមប្រឆាំងរបស់ទណ្ឌិតសមរង្ស៊ីចាប់ពីពេលនេះតទៅខ្ញុំសូមរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនដោយស្ម័គ្រចិត្ត គ្មានការទិញដូរ លក់ ឬបង្ខិតបង្ខំអ្វីឡើយ សូមសម្ដេចមេត្តាទទួលការគោរពដ៏ខ្ពង់ខ្ពស់និងទទួលយើងខ្ញុំដោយក្តីអនុគ្រោះ។
លោកបណ្ឌិត ហ៊ុន សុខា បានសម្ដែងនូវមនោសញ្ចេតនារីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយការមើលឃើញ និងជឿជាក់យ៉ាងមុតមាំថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញបរិបូណ៌ និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ជាពិសេសធ្វើឲ្យប្រទេសកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ដែលពុំមានគណបក្សណាអាចធ្វើបាន។
លោកបណ្ឌិត ហ៊ុន សុខា ក៏បានស្នើដល់បងប្អូនសមាជិកថ្មី ឱ្យមានភាពស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នានិងសូមចលនាសាច់ញាតិមិត្តភក្តិ បងប្អូនឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ ដើម្បីគណបក្សយើងមានលទ្ធភាពបន្តដឹកនាំកសាងអភិវឌ្ឍន៍មាតុភូមិក្នុងគន្លងសុខសន្តិភាព និងការរីកចម្រើនទ្វេឡើងទៀត៕