(ព្រះវិហារ)៖​ លោកឧត្តមសេនីយ៍​ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​ និង​ជាប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បាន​ដឹកនាំក្រុមការងារ ដោយមានការចូលរួមពីលោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និងមន្ត្រីពាក់ព័ន្ធ​ជាច្រើនទៀត បានអញ្ជើញ​ចុះពិនិត្យ​ផ្ទះបងប្អូន​ប្រជាពលរដ្ឋ ដែលជួប​គ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ បណ្ដាលឱ្យខូចខាតផ្ទះទាំងស្រុង​ និងធ្ងនធ្ង​ ចំនួន​៣៦ខ្នងផ្ទះ និងពលរដ្ឋម្នាក់ស្លាប់ដោយសាររន្ទះបាញ់ ស្ថិត​នៅឃុំជាំក្សាន្ត និង ឃុំរំដោះស្រែ​ ស្រុក​ជាំក្សាន្ដ​ ខេត្ត​ព្រះ​វិហារ​។​

នៅក្នុង​ឱកាសនោះ​ដែរ​ លោកឧត្តមសេនីយ៍​ទោ ច័ន្ទ សុភ័ក្ត្រា បាន​សម្ដែង​នូវការ​ចូលរួមសោកស្ដាយ​យ៉ាងខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋ យើង ចំពោះ​ការខូចខាត និងការបាត់បង់​លំនៅដ្ឋានរបស់​បងប្អូន​ ដោយសារ​គ្រោះ​ធម្មជាតិ​ខ្យល់កន្ត្រាក់ ផ្គររន្ទះ កាលពីល្ងាចថ្ងៃទី​១២​ ខែមេសា​ ឆ្នាំ​២០២៥​នេះ​។​

ដើម្បីចូលរួមសម្រាលនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះសំបែង លោកឧត្តមសេនីយ៍​ទោ ច័ន្ទ សុភ័ក្ត្រា​ បាននាំ​នូវ​អំ​ណោយ​ដ៍ថ្លៃថ្លា​របស់​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និងលោក​ជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត​ មានសម្ភារៈ ថវិកា មកចែកជូនបងប្អូន​តាមខ្នងផ្ទះ​ទាំង៣៦គ្រួសារ​ ដែលក្នុង​មួយគ្រួសារៗ​ទទួល​បាន​៖​ អង្ករ​ ០១បេ​ មី​ ០១កេស​ ទឹកត្រី​ ០១យួរ​ ទឹក​សុី​អុីវ​ ០១យួរ​ ,ត្រីខ​ ០១យួរ​ និង​ថវិកា​ចំនួន​ ៤០,០០០រៀល, ក្នុងនោះ​បាន​ឧបត្ថម្ភ​មួយគ្រួសារ​ ដែលរងការខូចខាត​ផ្ទះ​ធ្ងន់ធ្ងរ​ នូវថវិកា​ចំនួន​ ៤០០,០០០រៀល​ ព្រមទាំងបានចូលរួម​បុណ្យ​សពប្រជាពលរដ្ឋម្នាក់ ដែលស្លាប់ដោយរន្ទះបាញ់​រួមមាន៖​ អង្ករ​ ០២បេ,​ មី​ ០២កេស,​ ទឹកត្រី​ ០២យួរ,​ ទឹក​សុី​អុីវ​ ០២យួរ,​ ត្រីខ​ ០២យួរ​ និង​បច្ច័យ​ចំនួន​ ៤០០,០០០រៀលផងដែ​រ៕