Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកស្ទោង ណែនាំដល់ប្រជាពលរដ្ឋ និងយុវជនត្រូវថែរក្សាទំនៀមទំនាប់ប្រពៃណី និងល្បែងប្រជាប្រិយខ្មែរឱ្យបានគង់វង្ស

13-04-2025 14:18

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានណែនាំដល់ប្រជាពលរដ្ឋ និងយុវជនត្រូវថែរក្សាទំនៀមទំនាប់ប្រពៃណី និងល្បែងប្រជាប្រិយខ្មែរឱ្យបានគង់វង្ស។

លោក សាយ គឹមឡម បានលើកឡើងសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅឱកាសដែលលោកតំណាងលោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ អញ្ជើញបើកព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅក្នុងវត្តក្តីស្រង៉ែ។

លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងលោក ចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ដែលបានឧបត្ថម្ភគាំទ្រទាំងស្រុងនូវសម្ភារៈ ថវិកា និងការតុបតែងរៀបចំសង្ក្រាន្តឆ្នាំនេះ ដើម្បីបង្កលក្ខណៈកម្សាន្តសប្បាយរីករាយឆ្នាំថ្មីជាមួយពុក ម៉ែ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងសប្បាយរីករាយ និងស្នាលបំផុតនៅក្នុងឃុំទាំង១៣ ក្នុងស្រុកស្ទោងក៏ដូចជានៅក្នុងឃុំចំណាលើនាឱកាស សប្បាយរីករាយនេះ។

លោកបន្ថែមថា សង្ក្រាន្តស្រុកស្ទោង និងសង្ក្រាន្តឃុំចំណើលើ នៅក្នុងឆ្នាំនេះពិតជាសប្បាយប្លែកខុសពីឆ្នាំមុនៗ ដែលក្រុមការងារបានរៀបចំបន្ថែមនូវកម្មវិធីកម្សាន្តសប្បាយជាច្រើនរួមមានទី១៖ ការប្រគុំតន្រ្តី, ទី២៖ ការលេងល្បែងប្រជាប្រិយដូចជា លោតបាវ ពមនុស្ស ទាញព្រ័ត្រ បោះអង្គញ់ ដណ្ដើមស្លឹកឈើ និងវាយក្អម និងទី៣៖ ការចាប់រង្វាន់រាប់រយរង្វាន់រួមមាន ធុងទឹកកក ចានស្រាក់ បំពង់ទឹកក្ដៅ ឆ្នាំងដាំបាយអគ្គិសនី កង្ហារ កង់ ទូរសព្ទដៃ ឆ្នាំងអ៊ុត ទូរទឹកកក ទូរទស្សន៍ និងម៉ូតូ។ល។ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោករដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ជូនពុកម៉ែបងប្អូនបានថែមទៀត។

សូមបញ្ជាក់ថាក្រុមការងារ បានរៀបចំសង្ក្រាន្តនៅក្នុងឃុំទាំង ក្នុងស្រុកស្ទោង ជាមួយគ្នានេះឃុំចំណើលើមានរង្វាន់ធំច្រើនជាងគេដែលក្នុងនោះមានម៉ូតូចំនួន ២គ្រឿង ហើយម៉ូតូទីមួយបានទៅបងស្រីដែលមានជីវភាពខ្វះខាត និងពិកាដៃ និងម៉ូតូទី២បានទៅលើកុមារីដែលមានជីវភាពខ្វះខាត រៀននៅថ្នាក់ទី១០នៃវិទ្យាល័យហ៊ុនសែនចំណាលើ៕