(សៀមរាប)៖ លោកបណ្ឌិត សោម រតនា ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈ នៃព្រឹត្តការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងាររៀបចំពិធីប្រុងពាលីសុំសេចក្តីសុខ និងបើកមជ្ឈមណ្ឌលព័ត៌មានជាផ្លូវការ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារ និងយុវជនស្ម័គ្រចិត្តក្រុមការងារទំនាក់ទំនងសាធារណៈប្រមាណ ៦០នាក់។ កម្មវិធីពិធីនេះធ្វើឡើងក្នុងគោលបំណងបួងសួងម្ចាស់ទឹកម្ចាស់ដី ទសបារមី ដើម្បីសុំសេចក្តីសុខ និងជោគជ័យសម្រាប់ការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក៏ដូចជាព្រឹត្តិការណ៍អង្គរសង្រ្កាន្តទាំងមូល។
សូមជម្រាបថា មជ្ឈមណ្ឌលព័ត៌មានគឺជាកន្លែងក្រុមការងារទំនាក់ទំនងសាធារណៈអនុវត្តការងារបច្ចេកទេស និងផ្សព្វផ្សាយ ជាពិសេសនោះជាទីតាំងសម្រាប់បងប្អូនអ្នកសារព័ត៌មានមកទទួលកាត សាកសួរព័ត៌មាន និងជាទីតាំងដែលពួកគាត់អាចផលិតមាតិកា ខ្លឹមសារផងដែរ។
សូមបញ្ជាក់ថា ឆ្នាំនេះ គឺជាជាឆ្នាំទី១២ហើយ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំង ទស្សនីយភាពវប្បធម៌ជាច្រើន ដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជន នៅតាមតំបន់ និងសិល្បៈទស្សនីយភាព ជាច្រើនទៀតផងដែរ៕