(សៀមរាប)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តម្លើងប្រព័ន្ធវាយហ្វាយ សាធារណៈ (Public Wifi)​ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរប្រើប្រាស់អ៊ឺនធៗណិតដោយឥតគិតថ្លៃ នៅក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥នេះ ដោយមានការសម្របសម្រួលពីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធផងដែរ។ ​

លោក សុខ សីហា ​ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ បានលើកឡើងថា ដោយសារព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥នេះ រៀបចំធ្វើធំ ដូច្នេះហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានពង្រឹងគុណភាពសេវា ក្នុងនោះមានសេវាទូរសព្ទដែលមកដល់ពេលនេះ អង់តែនទូរសព្ទដាក់លើរថយន្តចល័ត មាន១៣ទីតាំង នៅអង្គរវត្ត, ប្រាសាទបាយ័ន និងក្រុងសៀមរាប។

លោកបានបន្តថា ក្រសួងក៏បានបំពាក់នៅលើអង់តែន នៅលើបង្គោលអគ្គិសនីមានចនួន១៤ ដូច្នេះ ពាក់ព័ន្ធនឹងសេវាទូរសព្ទយើងអាចគ្រប់គ្រងបាន នេះមិនមែននៅទីតាំងនេះឥតមានសេវាទេ គឺមានសេវាហើយ ប៉ុន្តែគ្រាន់តែបន្ថែមពីលើនឹងទៀត ដោយសារមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមទស្សនាព្រឹត្តិការណ៍អង្គរសង្រ្កាន្តច្រើន ទើបយើងបន្ថែមសេវាថែម។

លោកបានបន្ថែមថា ដើម្បីសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលលោកអញ្ជើញមកទស្សនាព្រឹត្តិការណ៍នេះ បានប្រើប្រាស់សេវាអ៊ឺនធឺណិត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានរៀបចំ (Public Wifi)​ Internet Free យើងមានរួចមកហើយ មានចំនួន១៦ទីតាំង​ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នេះ យើងបន្ថែម ៨ឧបករណ៍ថែមទៀត ដែលមួយឧបករណ៍ជាមធ្យមយើងប្រើបានប្រហែលជា១០០នាក់ ដូច្នេះទីតាំងសំខាន់ៗ យើងដាក់ ៣ឧបករណ៍ ដែលអាចប្រើប្រាស់បាន៣០០នាក់ នេះគឺសម្រាប់ជួយសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលលោកចង់ប្រើប្រាស់សេវាអ៊ីនធឺណិតឥតគិតថ្លៃ (Internet Free)។

លោកបន្ថែមថា មានភ្ញៀវទេសចរខ្លះ គាត់ឥតបានទិញស៊ីមទូរសព្ទ ហើយគាត់អត់មានសេវាអ៉ីនធឺណិតប្រើនោះទេ និងអ្នកខ្លះទៀតកញ្ចប់ថវិកាអ៊ីនធឺណិតគាត់អស់ ហើយគាត់ត្រូវប្រើប្រាសើអ៊ីនធឺណិតជាចាំបាច់ ដូច្នេះ គាត់អាចមករកទីតាំង ដែលមានសេវាអ៉ីនធឺណិតគឺ (Public Wifi) ដែលក្រុមការងារបានបិទខិតប័ណ្ណ (QR Code) នៅតាមទីតាំងសំខាន់ៗដែលមានតម្លើង (Public Wifi) និងត្រូវមើលសេវានៅក្នុងទូរសព្ទថា តើ Signal ដល់កន្លែងណា ទើបយើងអាចភ្ជាប់សេវាអ៊ីនធឺណិតប្រើប្រាស់បាន មិនម៉ែននៅតំបន់ក្នុងតំបន់អង្គរ មានសេវាអ៉ីនធឺណិតទាំងអស់នោះទេ គឺមានតែក្នុងរង្វង់ដែលមាន Signal តែប៉ណ្ណោះ។

លោកបន្តទៀតថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបញ្ជូនមន្ត្រីបច្ចេកទេសមកពិនិត្យ និងជួយគាំទ្រគុណភាពផ្នែកសេវានឹងផងដែរ ​ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រើប្រាស់សេវាទៅដោយរលូន និងមិនមានការរអាក់រអួលឡើយ។

លោកបញ្ជាក់ថា តំបន់សំខាន់ៗដែលយើងតម្លើងប្រព័ន្ធ Wifi​ នៅក្នុងព្រឹត្តិការណ៍នេះ មានដូចជា៖ នៅក្នុងបរិវេណអង្គរធំជុំវិញប្រសាទបាយ័ន មាន៦ទីតាំង, ក្នុងបរិវេណអង្គរវត្តមាន ៧ទីតាំង កន្លងទៅ៧ទីតាំងមាន ៧ឧបករណ៍ ប៉ុន្តែអីឡូវនេះ ក្រសួងបានបន្ថែម ៨ឧបករណ៍ទៀត ដូច្នេះនៅអង្គរវត្តមាន ១៥ឧបករណ៍ ហើយក៏មាន (Public Wifi ) នៅក្នុងសៀមរាបផងដែរ មាននៅសួនព្រះរាជដំណាក់ តាមដងស្ទឹងសៀមរាប និងនៅតំបន់ Pub Street។

ជាមួយនេះ លោកបញ្ជាក់ថា ក្រសួងមិនមែនរៀបចំតែខេត្តសៀមរាបនោះទេ គឺនៅខេត្តព្រះសីហនុ ក៏ក្រសួងបានរៀបចំតម្លើងប្រព័ន្ធវាយហ្វាយ (Wifi)​ផងដែរ គឺនៅតាមឆ្នេរមួយចំនួននៅក្នុងខេត្ត ព្រះសីហនុ។ សាធារណជនអាចភ្ជាប់ការប្រើប្រាស់បានតាមរយៈ https://mptc.gov.kh/public-wifi