(ត្បូងឃ្មុំ)៖ ខណៈថ្លែងសុន្ទរកថានៅក្នុងពិធីបើកការដ្ឋានកសាងផ្លូវ និងសម្ពោធផ្លូវជនបទនៅឯខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជាមិនដូចប្រទេសមួយចំនួន ដែលមិនអនុញ្ញាតឲ្យបងប្អូនឥស្លាម ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ចូលសាលារៀននោះទេ, កម្ពុជាបានអនុញ្ញាតឲ្យបងប្អូនឥស្លាម ស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ចូលសាលារៀនដោយស្មើមុខស្មើមាត់ ដូចប្រជាពលរដ្ឋខ្មែរទូទៅ មិនមានភាពរើសអើសនោះ នេះជានយោបាយឈ្នះៗ របស់គណបក្សប្រជាជនកម្ពុជា។ (សូមស្តាប់ប្រសាសន៍សម្តេចខាងក្រោម)
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រទេសដទៃទៀត មិនហ៊ានឲ្យបងប្អូនអ៉ីស្លាម ស្លៀកពាក់ឯកសណ្ឋានអ៉ីស្លាមចូលសាលា ក៏ប៉ុន្តែនយោបាយគណបក្សប្រជាជនកម្ពុជា នយោបាយរបស់ ហ៊ុន សែន ហ៊ានឲ្យបងប្អូនអ៉ីស្លាមស្លៀកពាក់ឯកសណ្ឋាន អ្វីក៏បាន ជាឯកសណ្ឋានកូនសិស្ស និងឯកសណ្ឋានអ៉ីស្លាម នេះហើយជាបញ្ហាសុខដមនីយកម្មជនជាតិ និងសាសនានៅកម្ពុជា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់រដ្ឋាភិបាលហ៊ុន សែន ហ៊ានធ្វើបែបនេះ»។
សម្តេចតេជោបានបន្តថា «អ៊ុៗ ដែលជាជនជាតិឥស្លាម បានឃើញចឹងត្រឹមត្រូវណាស់ ឥឡូវអនុញ្ញាតឲ្យថតរូបដោយពាក្យកាតឹបទៀត ឥឡូវអនុញ្ញាតឲ្យចឹងទៀត ក្នុងពេលដែលប្រទេសដទៃទៀត មិនហ៊ានធ្វើតែប្រទេសកម្ពុជាហ៊ានធ្វើ» ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ ក្នុងខេត្តចំនួន១០ ប្រវែងប្រមាណ១២០០គីឡូម៉ែត្រ ព្រមទំាងប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៥៤៣គីឡូម៉ែត្រ។ កម្មវិធីបើកការដ្ឋាន ស្ថាបនាផ្លូវនេះ ធ្វើឡើងនៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕