(ភ្នំពេញ)៖ ដំបូលរោងសិប្បកម្មលក់ តុ ទូ និងពូក ជាអតីតរោងចក្រ៥ជាន់ មួយផ្ទាំងធំ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលមានបណ្តោយរហូតទៅដល់៤០ម៉ែត និងទទឹងជាង១០ម៉ែត្រ ដោយសារតែភ្លៀងខ្យល់ខ្លាំង នៅយប់មិញ បានបើិុងទៅលើផ្ទះប្រជាពលរដ្ឋ និងផ្ទះមេភូមិទួលរការ បណ្តាលឲ្យរងការខូចខាត ខ្ទង់មឺិនដុល្លារ។ នេះបើយោងតាម ចៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ លោក ជា សុខៃ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោកចៅសង្កាត់បានបញ្ជាក់ថា នៅយប់មិញ ម៉ោងជាង ៨ នៅពេលមានភ្លៀងខ្យល់ធ្លាក់ខ្លាំង ស្រាប់តែដំបូលរោងសិប្បកម្មលក់ តុ ទូ និងពូក បានដាច់ហើយបើុងទៅប៉ះផ្ទះប្រជាពលរដ្ឋ ចំនួន៤ខ្នង ក្នុងនោះ មានទាំងផ្ទះមេភូមិទួលរការទៀត ដែលគ្រាន់តែផ្ទះមេភូមិខូចខាត មិនក្រោម១ម៉ឺនដុល្លារនោះទេ។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់ដំណោះស្រាយណាមួយពីសំណាក់ ម្ចាស់រោងសិប្បកម្មនៅឡើុយទេ។
បើតាមលោកចៅសង្កាត់ចាក់អង្រែក្រោម គ្រោះថ្នាក់នេះ មិនបានបណ្តាលឲ្យប្រជាពលរដ្ឋណាម្នាក់ ប៉ះពាល់ដល់អាយុជីវិតនោះទេ៕