(ប៉ៃលិន)៖ ទេសរដ្ឋមន្ក្រី អ៉ី ឈាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិតបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គី ជូនដល់ជនពិការដោយសារសង្គ្រាមបានបន្សល់ទុក និងចាស់ជរាគ្មានទីពឹង ដែលបាត់បង់ក្រុមគ្រួសារ នាសម័យប៉ុលពត ចំនួន១,២០៩នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោកស្រីបណ្ឌិត បាន ស្រីមុំ បាននាំមកនូវបណ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកយាយ លោកតាចាស់ គ្មានទីពឹង និងជនពិការទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបគ្រប់កាលៈទេសៈនិងគ្រប់ទីកន្លែងនៅ ទូទាំងប្រទេស។
លោកស្រីបណ្ឌិតអភិបាលខេត្តបានលើកឡើងថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាពិសេសហេដ្ឋា រចនាសម្ព័នរូបវ័ន្តនានារួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាមប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានបញ្ជាក់ថា លោកយាយលោកតាចាស់ជរា និងជនពិការ នៅទូទាំងខេត្តប៉ៃលិនភាគច្រើន ធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាម ដែលធ្វើឱ្យបាត់បង់សាច់ញាតិ ព្រាត់ប្រាស់ និងក្លាយជាជន ពិការភាពរហូតមកដល់សព្វថ្ងៃនេះ ដូច្នេះប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពនយោបាយ គឺមានតម្លៃមិនអាចកាត់ថ្លៃបានដោយផ្តល់ឱកាសក្នុងការអភិវឌ្ឍន៍លើផ្នែក សេដ្ឋកិច្ច-សង្គម ប្រជាពលរដ្ឋអាចរស់នៅ ដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានលទ្ធភាពចូលរួមរាល់សកម្មភាពសង្គមផ្សេងៗ និងអាចធ្វើដំណើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យនានាទាំងក្នុងនិងក្រៅប្រទេស៕