(ភ្នំពេញ)៖​ កំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាល ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល២០៖១០នាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែង ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា ឆក់កាបូបស្ពាយ បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស នៅចំណុចក្រោមស្ពានអាកាស៥មករា (ផ្លូវក្រោមដី) ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វឿន វ៉ាន់ដា ហៅ ដា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ផ្ទះជួលពុំចាំលេខ ផ្លូវលេខ ៣២៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទីលំនៅដើម និងស្រុកកំណើត ភូមិព្រែក ក្របៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ចំណែកជនរងគ្រោះឈ្មោះ យិន រីណា ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនហ្វីដេស ស្នាក់នៅផ្ទះលេខ៣២១ ផ្លូវលេខ២១៧ សង្កាត់អូរឬស្សី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ( រងរបួសរលាត់ ស្បែកជង្គង់ខាងស្តាំ និងដើមដៃខាងស្តាំ)។ ក្នុងកាបូបស្ពាយពណ៌ខ្មៅ របស់ជនរងគ្រោះដែលត្រូវជនសង្ស័យឆក់ មានទូរស័ព្ទ០២គ្រឿងម៉ាក iPhone 6 ពណ៌មាស និងម៉ាក Nokia ចុចពិល។

សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ភ្នំពេញ 1AQ-3970 តែម្នាក់ឯង ដោយមានស្ពាយកាបូបចំហៀងខាងឆ្វេង ភ្លាមនោះជនសង្ស័យឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បានជិះម៉ូតូទៅគៀរម៉ូតូជនរងគ្រោះខាងស្តាំទើប បក្សពួក០១នាក់ទៀត ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី២០១៧ គ្មានស្លាកលេខ ទៅអែបទន្ទឹម ខាងឆ្វេងចាប់ទាញយកកាបូប ពីជនរងគ្រោះបានសម្រេច ហើយជិះម៉ូតូគេចខ្លួនបាត់។ ចំណែកម៉ូតូ ជនរងគ្រោះបានរេទៅទាក់ដៃម៉ូតូជនសង្ស័យឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បណ្តាលឱ្យដួលទាំងអស់គ្នា ភ្លាមនោះជនរងគ្រោះបានស្រែកចោរៗ ទើបមានការ អន្តរាគមន៍ពីសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បានជាក់ស្តែងតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអា សន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕