(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ ក្នុងខេត្តចំនួន១០ ប្រវែងប្រមាណ១២០០គីឡូម៉ែត្រ ព្រមទំាងប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៥៤៣គីឡូម៉ែត្រ។ កម្មវិធីបើកការដ្ឋាន ស្ថាបនាផ្លូវនេះ ធ្វើឡើងនៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
គម្រោងស្ថាបនាផ្លូវជនបទក្រាលកៅស៊ូ នឹងចាក់បេតុង ជំហានទី២នេះ នឹងត្រូវចំណាយថវិកាជិត ២០០លានដុល្លារអាមេរិក ហើយចូលរួមបំរើ ជាប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ ជាង១,៥លាននាក់។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ បានអោយដឹងថា គម្រោងកែលំអផ្លូវជំហានទី២នេះ ទទួលបានថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ១៧,៧៩លានដុល្លារ និងហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី រដ្ឋាភិបាលកូរ៉េខាងត្បូង រដ្ឋាភិបាលបារំាង សរុប១៤២លានដុល្លារអាមេរិក និងហិរញ្ញប្បទានជាជំនួយឥតសំណង របស់រដ្ឋាភិបាលអូស្រ្តាលី មូលនិធិ យុទ្ធសាស្ត្រ អាកាសធាតុ និងមូលនិធិ អភិវឌ្ឍន៍ ណ័រឌីក សរុប៣២,៩២លានដុល្លារ សម្រាប់អនុវត្ត រយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០១៥ដល់២០២០។
គម្រោងកែលំអផ្លូវជនបទជំហានទី២ នេះគ្រោងនឹងធ្វើការកែលំអផ្លូវជនបទ ដោយក្រាលកៅស៊ូ២ជាន់ និងបេតុងសរុបចំនួន៧៥ខ្សែ នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ៕