(ភ្នំពេញ)៖ សិស្សនិស្សិតខ្មែរ និងនិស្សិតជាជនជាតិដើមភាគតិចយ៉ាងច្រើនកុះករ បានជួបជុំគ្នា លេងល្បែងប្រជាប្រិយ នៅក្នុងសង្ក្រាន្ត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមប្រធានបទ «យុវជន PSB University ប្តេជ្ញារក្សាការពារសន្តិភាព» ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រកបដោយបរិយាកាសសប្បាយរីករាយ។
ការលេងល្បែងប្រជាប្រិយនេះ បន្ទាប់ពីពិធីសូត្រមន្តប្រោះព្រំ ព្រឹត្តិការណ៍មហាសង្ក្រាន្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ បំផុតរបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រួមទាំងការអញ្ជើញចូលរួមពីសំណាក់លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បើកកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះ។
ក្រុមយុវជន ដែលចូលរួមលេងល្បែងប្រជាប្រិយ បានបង្ហាញពីមោទនភាព ដែលដូនតាបានបន្សល់ទុកនូវសិល្បៈប្រពៃណី តាំងពីបុរាណមក ដើម្បីឲ្យកូនចៅជំនាន់ក្រោយ បានលេងកម្សាន្តសប្បាយ ជាមួយនឹងការប្ដេជ្ញាថែរក្សាឲ្យបានស្ថិតស្ថេរគង់វង្ស។
ជាមួយនេះ ពួកគេក៏បានសម្ដែងនាំការគាំទ្រ ចំពោះការរៀបចំព្រឹត្តិការណ៍នានា ទាំងនៅក្នុងសាលា តាមភូមិស្រុក ឬតាមបណ្ដាខេត្ត ហើយជាក់ស្ដែងនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានេះ ធ្វើឲ្យពួកគក្រោយពីការសិក្សា បានជួបជុំគ្នាលេងល្បែងប្រជាប្រិយ ដើម្បីបង្កើននូវភាពជិតស្និទ្ធ និងអបអរឆ្នាំថ្មី។
លោកបណ្ឌិត ចាយ បូរិន មានប្រសាសន៍ថា សង្ក្រាន្តឆ្នាំថ្មីនេះ ពិតជាបានចូលរួមចំណែកខ្លាំងណាស់ក្នុងការថែរក្សា និងអភិរក្សនូវសម្បត្តិវប្បធម៌ជាតិ ខណៈសកម្មភាពនេះ កំពុងមានការរៀបចំយ៉ាងផុសផុលទូទាំងប្រទេស តបតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងថា «សង្ក្រាន្ដ នៅកម្ពុជា» នឹងចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៅឆ្នាំ២០២៥ ក្នុងនោះសម្ដេច ក៏បានប្រកាសឱ្យប្រជាជនកម្ពុជា រៀបចំសង្រ្កាន្តឱ្យបានគ្រប់ទិសទី ដើម្បីអបអរឆ្នាំថ្មីឱ្យបានសប្បាយរីករាយ ព្រោះយើងមិនបានបាត់បង់ «សង្ក្រាន្ដ» ទៅណាទេ។
លោកបានជំរុញ និងអំពាវនាវដល់យុវជនជំនាន់ក្រោយ ត្រូវខិតខំថែរក្សានូវសម្បត្តិវប្បធម៌ទាំងអស់នោះ តាមរយៈការលេងកម្សាន្តល្បែងប្រជាប្រិយ ការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យពិភពលោកបានស្គាល់ពីសង្ក្រាន្តរបស់ខ្មែរបន្ថែមទៀត ។
លោក ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានថ្លែងថា ប្រធានបទសង្ក្រាន្តនេះ គឺពិតជា ការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យុវជន ក្នុងនាមជាបញ្ញវន្តជំនាន់ថ្មី ដែលទទួលបានការបណ្តុះ បណ្តាលទាំងចំណេះវិជ្ជា ទាំងគុណធម៌ព្រះពុទ្ធសាសនា យុវជនយើងគឺជាទំពាំងស្នងឫស្សី ជាកម្លាំងចលករដ៏សំខាន់ និងជាអនាគតរបស់សង្គមជាតិ ៕