(ពោធិ៍សាត់)៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំស្រែស្តុក ស្រុកកណ្តៀង ដឹកនាំដោយលោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា ប្រធានក្រុមការងារចុះជួយឃុំស្រែស្តុក ស្រុកកណ្តៀង និងឃុំអន្សាចំបក់ ស្រុកក្រគរ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី និងចាប់ឆ្នោតទទួលយករង្វាន់ ផ្តល់ជូនយុវជ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ នៅបរិវេណវត្តបន្ទាយត្រោក ស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ គស.២០២៥។

លោក អេង គន្ធា បានឱ្យដឹងថា ការជួបជុំគ្នានេះ មិនមែនជាលើកទីមួយទេ គឺកើតឡើងនាអំឡុងពេលលោក កែវ រតនៈ ជាអតីតប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង ខណៈដែរបច្ចុប្បន្នលោកជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងបន្តដោយ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមរាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង។

ជាការពិតណាស់ថា ប្រជាពលរដ្ឋឃុំស្រែស្តុកទាំងមូល បានបោះឆ្នោតគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ទទួលបានលទ្ធផល ឈ្នះដាច់លេខ១ ទូទាំងប្រទេស ក្នុងព្រឹត្តការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីពេលកន្លងមកនេះ។ តាមរយៈលទ្ធផលនេះ ឃុំស្រែស្តុកទាំងមូល នឹងទទួលបានសមិទ្ធផលជាបន្តបន្ទាប់ និងមានការអភិវឌ្ឍន៍ឈានមុខជាលំដាប់។

លោកបានគូសបញ្ជាក់ថា លោក កែវ រតនៈ ដែលជាកុលបុត្រប្រសូត្រចេញពីខេត្តពោធិ៍សាត់ លោកមានទស្សនវិស័យវែងឆ្ងាយ ល្អិតល្អន់ និងគិតគូរយ៉ាងល្អិតល្អន់ ក្នុងការអភិវឌ្ឍន៍ និងបង្កើតការងារជាច្រើន ជូនប្រជាពលរដ្ឋ ជាពិសេសយុវជនបន្តវេន មានការងារធ្វើនៅនឹងមូលដ្ឋាន មិនចំណាកស្រុក។

សម្រាប់ឃុំស្រែស្តុក ស្រុកកណ្តៀងយើងវិញ លោកបានគិតគូរស្តារបឹងទន្លេអុំឡើងវិញ ហើយក្នុងពេលឆាប់ៗខាងមុខ លោកនឹងរៀបចំជាសួនច្បារដ៏ស្រស់ស្អាត សម្រាប់លើកកម្ពស់សោភណ្ឌភាពឃុំ និងជាឧត្តមប្រយោជន៍ ដល់ប្រជាពលរដ្ឋ នៃឃុំស្រែស្តុកទាំងមូល ដើម្បីឈានទៅ កាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ ស្របតាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក អេង គន្ធា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋាន​ឃុំស្រែស្តុក សូមបន្តចូលរួមថែរក្សាសន្តិភាព និងគាំទ្រដល់ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជា​ប្រមុខ ដើម្បីមានឱកាស និងផ្តល់លទ្ធភាពបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ក៏ដូចជាឃុំស្រែស្តុក ស្រុកកណ្តៀង សំដៅឈានឆ្ពោះទៅការ​សម្រេច​បាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែម​ទៀ​តជូនជនរួមជាតិ។

គួរជម្រាបជូនថា សម្រាប់សង្ក្រាន្តស្រែស្តុក ស្រុកកណ្តៀងនាថ្ងៃនេះ មានការប្រគុំតន្ត្រីរំាលេងកម្សាន្ត ការវាយក្អម និងចាប់ឆ្នោតទទួលយករង្វាន់យ៉ាងច្រើនសន្ទឹកសន្ធាប់ រួមមាន៖ ម៉ូតូអគ្គិសនី, កង់អគ្គិសនី, កង្ហារ, ឆ្នាំបាយ, ឆ្នាំងដាំទឹក, ចង្ក្រានហ្គាស, ធុងទឹកកក, ទូរស័ព្ទ, នាឡិកា... ដើម្បីចូលរួម​អបអរ​សា​ទរ​ និងបង្កើ​ន​ភាពសប្បាយរីករាយ ឱ្យកាន់តែ​មានភាពអធិកអធម​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ គស.២០២៥៕