Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ៖ ប្រជាពលរដ្ឋខេត្តតាកែវ ដែលទៅព្យាបាល នៅប្រទេសវៀតណាម កាន់តែមានការថយចុះ

01-11-2016 23:16

(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមសម្ភោធអាគារព្យាបាលជំងឺ របស់មណ្ឌុលសុខភាពឃុំអង្គបូរី នៅស្រុកអង្គបូរី នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាជំនួយរបស់ធនាគារសហព័ន្ធកូរ៉េ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានថ្លែងឲ្យដឹងថា ខណៈពេលដែលវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពរីកចម្រើនជាពិសេស វិស័យសុខាភិបាលខេត្តតាកែវ កាន់តែមានភាពល្អប្រសើរជាលំដាប់នោះ ប្រជាពលរដ្ឋខេត្តតាកែវមួយចំនួន ដែលមានបញ្ហាសុខភាព ហើយដែលតែងតែធ្វើដំណើរទៅព្យាបាល នៅប្រទេសវៀតណាមនោះ បាននាំគ្នាងាកមកធ្វើការព្យាបាល នៅក្នុងខេត្តវិញ។

លោកអភិបាលខេត្តតាកែវបានថ្លែងបន្តថា ខេត្តតាកែវជាខេត្តមួយដែលមានព្រំដែន ជាប់និងខេត្តពីររបស់វៀតណាម គឺខេត្តអាងយ៉ាង និងខេត្តគៀនយ៉ាង។

ពលរដ្ឋខេត្តតាកែវមួយចំនួន ដែលមានជំងឺតែងតែនាំគ្នាធ្វើដំណើរទៅព្យាបាល នៅប្រទេសវៀតណាម ក៏ប៉ុន្តែនៅពេលនេះស្ថានភាពវាបានប្រែប្រួល ដោយសារតែក្រុមគ្រូពេទ្យខ្មែរយើងមានជំនាញឯកទេសច្បាស់លាស់ ហើយមណ្ឌលសុខភាពរដ្ឋបានរីកដុះដាលស្ទើរតែគ្រប់ក្រុង ស្រុក វាបានធ្វើអោយប្រជាពលរដ្ឋភាគច្រើន បាននាំគ្នាមកព្យាបាលនៅក្នុងស្រុកវិញ។

ដោយឡែកអ្នកជំងឺមួយចំនួនតូច ដែលនាំគ្នាទៅព្យាបាល នៅប្រទេសវៀតណាមបន្តទៀតនោះ ភាគច្រើនជាអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរ។

នៅក្នុងឱកាសនោះលោកអភិបាលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវអោយប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានជំនឿលើគ្រូពេទ្យខ្មែរយើង ហើយលោកក៏បានសំណូមពរអោយប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ឬស្រ្តីដែលមានផ្ទៃពោះត្រូវតែពិនិត្យផ្ទៃពោះ និងឆ្លងទន្លេនៅមន្ទីរពេទ្យរដ្ឋតាមឃុំរបស់ខ្លួន អោយបានគ្រប់ៗគ្នា។

គួបញ្ជាក់ថា ក្នុងមួយរយៈពេលនេះ មានអង្គការសមាគមន៏របស់កូរ៉េ និងជប៉ុនមួយចំនួន បានកសាងសាលារៀន មណ្ឌលសុខភាពជូនប្រជាពលរដ្ឋខេត្តតាកែវ តាមរយៈការគៀងគរជំនួយយ៉ាងប៉ុនប្រសព្វរបស់លោកអភិបាលខេត្តតាកែវ ធ្វើការគៀងគ៕