(ពិភពលោក)៖ ក្រុមអង្គការការពារសិទ្ធិមនុស្សច្រើនជាង៧០ បានរិះគន់យ៉ាងខ្លំាង ព្រមទំាងស្នើឱ្យស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg ពន្យល់ពីគោលនយោបាយរបស់ខ្លួនក្នុងការលុបចេញនូវមាតិកា ឬ រូបភាពមួយចំនួនដែលពាក់ព័ន្ធនឹងអំពើហឹង្សារបស់ប៉ូលិស និងការរំលោភសិទ្ធិមនុស្ស។ នេះបើតាម ការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងលិខិតផ្ញើជូន លោក Mark Zuckerberg ក្រុមអង្គការសង្គមស៊ីវិលទំាងនេះ បានលើកឡើងថា «នៅពេលជនងាយរងគ្រោះនៅក្នុងសង្គមប្រើប្រាស់ វេទិកាបណ្ដាញទំនាក់ទំនងសង្គមរបស់អ្នក ដើម្បីបង្ហាញពីភាពអយុត្តិធម៌ណាមួយ Facebook គួរតែការពារហេតុផលរបស់ពួកគេ»។
គួររំលឹកថា កាលពីខែកញ្ញា កន្លងទៅ ភាពចម្រូងចម្រាស់បានផ្ទុះឡើង នៅបន្ទាប់ពីក្រុមហ៊ុន Facebook បាន សម្រេចចិត្តលុបការបង្ហោះជាលើកដំបូង របស់នាយករដ្ឋមន្ត្រី ណ័កវ៉េ លោកស្រី Erna Solberg ស្ដីពីរូបភាពក្មេងស្រីវៀតណាមម្នាក់ ដែលរត់គេចចេញពីការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ «Napalm Girl» នៅអំឡុងសង្រ្គាមវៀតណាម ប៉ុន្តែក្រោយមក Facebook បានសម្រេចអនុញ្ញាតឲ្យបង្ហោះឡើងវិញ៕