(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តព្រះសីហនុ រួមជាមួយក្រុមការងារ និងនិស្សិត អ.ម.ត ខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកអំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិត អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋជនជាតិភាគតិចចំនួន ៣២គ្រួសារ និងគ្រួសារអ្នកជំងឺជាជនជាតិខ្មែរ ចំនួន៣គ្រួសារផងដែរ ដែលរស់នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម និងថវិកាចំនួន២ម៉ឺនរៀល ។

លោក ម៉ាង ស៊ីណេត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូន ជនជាតិភាគតិចយើងដែលកំពង់រស់នៅក្នុងខេត្តព្រះសីហនុ ហើយជាងនេះទៅទៀត លោក ម៉ាង ស៊ីណេត ក៏បាន បញ្ជាក់ថាលោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាចង់មកជួបពុកម៉ែបងប្អូនជនជាតិភាគតិច យើងដោយផ្ទាល់ណាស់ប៉ុន្តែ ដោយលោកមានភារៈបន្ទាន់ដូច្នេះមិនអាចអញ្ជើញមកដោយផ្ទាល់បាន។

លោក ម៉ាង ស៊ីណេត ក៏បានបញ្ជាក់បន្ថែមថា ទោះបីជាអំណោយចែកជូននៅពេលនេះមានតិចតួចក្តី ក៏ប៉ុន្តែក៏អាចជួយសំរាលទុក្ខលំបាក របស់ពុកម៉ែបងប្អូនបានមួយគ្រាផងដែរ។

តំណាងពុកម៉ែជនជាតិភាគតិច ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានមើលឃើញពីទុក្ខលំបាករបស់ពួកគាត់ ហើយក៏បានជូនពរលោកបណ្ឌិត ហ៊ុន ម៉ាណែត អោយជួបប្រទះតែសេចក្តីសុខសប្បាយ និងសំរេចបានជោគជ័យគ្រប់ភារកិច្ចផងដែរ។

បើតាមអាជ្ញាធរមូលដ្ឋានឃុំសំរុងបានបញ្ជាក់ថា បងប្អូនជនជាតិភាគតិចមិនមែនមានតែ បណ្តាខេត្តភាគឥសាន្តនោះទេ នៅខេត្តព្រះសីហនយើងនេះក៏មានដែរ។

ប្រពភក៏បានបញ្ជាក់ថា បន្ទាប់ពីបែកអាពតឆ្នាំ១៩៧៩ បងប្អូនជនជាតិភាគតិចអស់ទាំងនេះ គាត់រស់នៅឯឡុងឡេះខាងកើត ផ្សារវាលរេញឯណោះដោយប្រកបរបរដាក់លបត្រី ធ្វើស្រែ និងរកស៊ីបន្តិចបន្តួចផងដែរ ហើយក្រោយមកក៏ផ្លាស់ទីតាំងមករស់នៅទីនេះតែម្តង ៕