(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងគាំទ្រដល់ការបង្កើតពាណិជ្ជសញ្ញាជាតិ និងលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (ប្រព័ន្ធ GI) ដើម្បីផ្ដល់ឱកាសអាជីវកម្ម ក៏ដូចជាផ្សព្វផ្សាយអំពីលក្ខណៈពិសេស និងគុណភាពដ៏ល្អប្រសើររបស់ផលិតផលផងដែរ។
ការថ្លែងបែបនេះ របស់លោករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងសិក្ខាសាលាស្ដីពីកិច្ចការពារ និងលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ដ្រទំនិញ (GI) នៅប្រទេសកម្ពុជា។ ក្នុងសិក្ខាសាលានេះ មានការចូលរួមពីលោកGeorge Edgar ឯកអគ្គ រដ្ឋទូតសហភាពអឺរ៉ុប លោក Alexander Huynh តំណាងអង្គការ FAO និង លោក Philippe Steinmetz តំណាងអង្គការ AFD ព្រមទាំងអ្នកដែលពាក់ព័ន្ធជាង១០០នាក់ មកពីវិស័យសាធារណៈ និងឯកជន។
សិក្ខាសាលាមានគោលបំណងជំរុញ និងលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍចុងក្រោយ នៃប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងប្រទេសកម្ពុជា ដែលទើបតែធ្វើបច្ចុប្បន្នភាពតាមរយៈការអនុវត្តបទប្បញ្ញត្តិថ្មីៗ ក៏ដូចជាលើកកម្ពស់ GI ឲ្យក្លាយជាឧបករណ៍គុណតម្លៃបន្ថែមដ៏មានសារសំខាន់ សម្រាប់វិស័យអាហារ និងកសិកម្មផងដែរ។
លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ចំពោះសារសំខាន់ នៃការភ្ជាប់ផលិតផលទៅនឹងប្រភពដើម និង បានគាំទ្រដល់ការបង្កើតពាណិជ្ជសញ្ញាជាតិ និងប្រព័ន្ធ GI ដើម្បីផ្ដល់នូវឱកាសអាជីវកម្ម ក៏ដូចជាផ្សព្វផ្សាយអំពីលក្ខណៈពិសេស និងគុណភាពដ៏ល្អ ប្រសើររបស់ផលិតផលផងដែរ។ GI ជាតិមានចំនួនពីរគឺ «ម្រេចកំពត» និង «ស្ករត្នោតកំពង់ស្ពឺ» ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដូចដែលបានបង្ហាញតាមរយៈការចុះបញ្ជីម្រេចកំពតកាលពីដើមឆ្នាំ២០១៦ គឺជាម៉ាកសម្គាល់ភូមិសាស្រ្តការពារ (PGI) នៅក្នុងសហភាពអឺរ៉ុប និងកំពុងរៀបចំចុះបញ្ជីស្ករត្នោតកំពង់ស្ពឺ នៅក្នុងសហភាពអឺរ៉ុប និងបណ្ដាប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃ និងវៀតណាមជាដើម»។
ជាមួយគ្នានោះ លោក Philippe Steinmetz តំណាងអង្គការ AFD ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺជាតួអង្គដ៏សំខាន់ ក្នុងផ្នែកម៉ាកសម្គាល់ភូមិសាស្រ្តនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងទសវត្សរ៍ចុងក្រោយនេះ។ ការធ្វើដំណើរឆ្ពោះទៅរកការកំណត់ច្បាប់ GI ជាតិ និងការចុះបញ្ជីផលិតផលដែលជានិមិត្តរូបចំនួនពីរដែលមានភាពល្បីល្បាញទូទាំងពិភពលោក ស្រាប់ទៅហើយ គឺជាឧទាហរណ៍បង្ហាញអំពីភាពជោគជ័យ និងផ្ដល់ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់សក្ដានុពល GI ដ៏ទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ដែលនឹងគាំទ្រដល់ការអភិវឌ្ឍជនបទ។
សូមបញ្ជាក់ថា សូចនាករភូមិសាស្រ្ត (GI) គឺជាឈ្មោះ ឬស្លាកសញ្ញាដែលបានប្រើប្រាស់ នៅលើផលិតផលណាមួយ ដែលជាកម្មសិទ្ធិរបស់ទីតាំងភូមិសាស្រ្ត ឬតំបន់ណាមួយ (ដូចជាក្រុង តំបន់ ឬប្រទេស)។ ការប្រើប្រាស់ GI ជាការបញ្ជាក់ថា ផលិតផលមានគុណភាពច្បាស់លាស់ ត្រូវបានផលិតឡើងតាមវិធីសាស្រ្តប្រពៃណី ឬមានភាពល្បីល្បាញទូលំទូលាយ តាមរយៈតំបន់ភូមិសាស្រ្តនៃផលិតផលនោះ៕