(ភ្នំពេញ)៖ ពលករខ្មែរ ៤រូប ដែលត្រូវបានចោរសមុទ្រសូម៉ាលីចាប់ជម្រិតទារប្រាក់ និងបង្ខាំងខ្លួនអស់រយៈពេលជិត៥ឆ្នាំ ត្រូវបានធ្វើ ទារុណកម្ម ដូចសត្វធាតុក្នុងមួយថ្ងៃឲ្យបរិភោគ បាយមួយចានចង្កឹះ ផឹកទឹកតែមួយលីត្រប៉ុណ្ណោះ។ ពលករខ្មែរដែលរងការធ្វើទារុណកម្ម ពីក្រុមចោរសមុទ្រសូម៉ាលីរហូតលែងចង់រស់នេះ បានស្បថថា ពួកគេឈប់ចេញទៅធ្វើការនៅក្រៅប្រទេសទៀតហើយ។
ក្រុមពលករខ្មែរទាំង ៤រូប រួមនិងក្រុមពលករចិន តៃវ៉ាន់ ឥណ្ឌូនេស៊ី ហ្វីលីពិន និងវៀតណាមសរុបប្រមាណ ២២រូប ត្រូវបានក្រុមចោរសូ ម៉ាលីព្រមដោះលែងជាថ្នូរនឹងប្រាក់ពីអង្គការ ការីតាស់កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ។ ក្រុមពលករទាំង ៤រូបត្រូវបាន នាំមកដល់ប្រទេសកម្ពុជាវិញ កាលពីយប់ថ្ងៃទី៣០ ខែតុលា។
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ពួកគេត្រូវបាននាំយកមករៀបរាប់បង្ហាញពីទុក្ខលំបាក អំឡុងពេលរស់នៅក្រោមការបង្ខាំងរបស់ក្រុមចោរ សមុទ្រសូម៉ាលីរសយៈពេលជិត ៤ឆ្នាំនោះ។ ពិធីនេះត្រូវបានធ្វើឡើងនៅទីស្នាក់ការអង្គការការីតាស់ជាប់និងរបងវត្តសំពៅមាស។
លោក ញ៉ែម សុខសាន្ត អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានថ្លែងថា លោកបានចាកចេញពីប្រទេស កម្ពុជា កាលពីខែតុលា ឆ្នាំ២០១០ តាមរយៈក្រុមហ៊ុនមួយ ដោយបានឆ្លងកាត់ប្រទេសជាច្រើន ហើយបានទៅធ្វើការលើនាវានេសាទមួយ ក្នុងម៉ារីទូត នៅក្នុងអាហ្រ្វិកខាងត្បូង។ លោក ញ៉ែម សុខាសន្ត បានបន្តថា ការនេសាទនោះ មានទុក្ខលំបាកយ៉ាងខ្លាំងផងដែរ ដោយមួយថ្ងៃត្រូវធ្វើការនេសាទចាប់ទី ១៨ម៉ោង ទៅ ២១ម៉ោង មានពេលសម្រាកតែ ៣ ទៅ៤ម៉ោងប៉ុណ្ណោះ។ លុះនាវានេសាទនៅលើ នាវា បានរយៈពេលជាង ១ឆ្នាំ ក៏ត្រូវបានក្រុមចោរសមុទ្ររបស់ប្រទេសសូម៉ាលី ចាប់ជម្រិតតែម្តង ហើយបាញ់សម្លាប់អ្នកបើកបរ នាវាម្នាក់ផងដែរ។
បើតាមលោក ញ៉ែម សុខសាន្ត បានបញ្ជាក់ថា ក្រុមពលករធ្វើនេវានេសាទ ដែលត្រូវក្រុមចោរចាប់ជម្រិតនោះ មិនមែនមានតែពលរដ្ឋខ្មែរ ៤នាក់ប៉ុណ្ណោះទេ នៅមានជនជាតិចិន តៃវ៉ាន់ ឥណ្ឌូនេស៊ី ហ្វីលីពិន និងវៀតណាម ប្រមាណ ២៥នាក់ផ្សេងទៀត ក៏ត្រូវបានចោរស៊ូម៉ាលី ចាប់ជម្រិតផងដែរ។
បើតាមពលករខ្មែរម្នាក់ទៀត គឺលោក ភួង ម៉ាលី បានបញ្ជាក់ថា បន្ទាប់ពីបានចាប់ពលករហើយ ក្រុមចោរសមុទ្រសូម៉ាលីនោះ ឲ្យពលករ ទាក់ទងទៅតាមស្ថានទូតនានា ដើម្បីនិយាយទារថ្លៃប្រាក់ ដែលពួកគេបានចាប់ជម្រិត។ បើតាមលោក ភួង ម៉ាលី ក្រុមចោរបានជម្រិត ទារប្រាក់រហូតដល់ទៅប្រមាណ ២០លានដុល្លារអាមេរិក ជាថ្នូរការដោះដូរពលករទាំង ២៩រូប។
ការចរចានេះ បានអូសបន្លាយរហូត ដល់ជាង ៤ឆ្នាំ ទើបមានការជួយសង្រ្គោះពីអង្គការការីតាស់ ដោយសហការជាមួយអង្គការ IOM។ បើទោះបីជាយ៉ាងគេមិនដឹងថា ការដោះលែងពលករទាំងអស់នេះ ត្រូវបានធ្វើឡើងជាថ្នូរនឹងប្រាក់ប៉ុន្មាននោះទេ។
លោក ភួង ម៉ាលី បានរៀបរាប់ពីទុក្ខលំបាកអំឡុងពេលក្រុមចោរចាប់ជម្រិតទាំងទឹកភ្នែកថា ការរស់នៅក្រោមការឃុំគ្រងរបស់ក្រុមចោរ សមុទ្រនោះ ពួកគាត់ត្រូវបានរងការធ្វើទុក្ខបុកម្នេញយ៉ាងលំបាកដូចសត្វធាតុ ហើយក្នុងមួយថ្ងៃពួកគេអនុញ្ញាតឲ្យផឹកទឹកតែមួយលីត្រ និងហូបបាយតែមួយចានចង្កឹះតែប៉ុណ្ណោះ។ បើតាមលោក ភួង ម៉ាលី ព្រោះតែការធ្វើទារុណកម្ម និងរស់ដោយខ្វះទឹកបរិភោគ និងចំណី អាហារនោះ បានធ្វើឲ្យជនជាតិចិន ឥណ្ឌូនេស៊ី និងតៃវ៉ាន់សរុប ៣នាក់ បានស្លាប់បាត់បង់ជីវិត។
ព្រោះតែទុក្ខលំបាកនេះ ទាំងពលករខ្មែរ និងជនជាតិដទៃ ដែលត្រូវបានក្រុមចោរចាប់ជម្រិតនោះ មិនដែលមានសង្ឃឹមថា ពួកគេបានរស់ រៀនមានជីវិតត្រឡប់មកស្រុកកំណើតវិញនោះឡើយ។ ក្នុងចំណោមពលករខ្មែរទាំង៤នាក់ មានពលករខ្មែរម្នាក់ ត្រូវបានក្រុមចោរបាញ់ចំ ម្រាមជើង ព្រោះតែរូបគេមិនព្រមដាំបាយ។
ក្រុមពលករខ្មែរ បានបង្ហាញក្តីរំភើបរីករាយខ្លាំង បន្ទាប់ពីពួកគេត្រូវបានអង្គការការីតាស់ អង្គការ IOM និង ក្រសួងការបរទេសកម្ពុជា ដែលបានជួយជ្រោមជ្រែងឲ្យពួកគាត់បានត្រឡប់ មកដល់ស្រុកកំណើតវិញជារឿងមួយពួកគាត់មិនធ្លាប់នឹកស្មានដល់នោះឡើយ។
ជាមួយនិងការបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារ ក្រុមពលករខ្មែរ ក៏បានស្បថថា ពួកគេនឹងលែងផ្សងព្រេងទៅធ្វើការនៅក្រៅប្រទេស ទៀតហើយ ហើយបានទទូចឲ្យប្រជាពលរដ្ឋខ្មែរ ដទៃកុំឲ្យចាញ់បោកក្រុមហ៊ុន និងប្រថុយប្រថានទៅធ្វើការនៅក្រៅប្រទេសនាំឲ្យជួប គ្រោះអកុសលដូចជាពួកគាត់។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃអគ្គលេខាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានថ្លែងទាំងអួលដើមកបង្ហាញក្តីអាណិតអាសូរ ទៅដល់ពលករខ្មែរទាំង ៤រូប។ លោកស្រី ក៏បានថ្លែងបញ្ជាក់ថាផងដែរថា ក្រសួងកំពុង ស្វះស្វែងរកក្រុមហ៊ុន ឬមេខ្យល់ ដែលបានជួញដូរពលករខ្មែរទាំង ៤រូបទៅនេសាទនៅក្រៅប្រទេស រហូតជួបគ្រោះអកុសល្យបែបនេះ។
លោកស្រី ក៏បានឧបត្ថម្ភថវិកាដល់ពលកររងគ្រោះទាំង ៤រូប ក្នុងមួយរូប ៥០ម៉ឺនរៀលផងដែរ។
បើទោះបីបានត្រឡប់មកដល់ស្រុកកំណើត និងជួបជុំគ្រួសារយ៉ាងណាក្តី តែពលករទាំង ៤រូប កំពុងស្ថិតក្រោមការគាំពារ និងព្យាបាល របួសផ្លូវចិត្តពីអង្គការការីតាស់នៅឡើយ។ អង្គការនេះ ក៏កំពុងគិតគូរស្វែងរកលទ្ធភាពផ្តល់ជាមុខរបរ និងផ្គត់ផ្គង់ដល់ការរស់នៅរបស់ ពួកគាត់ផងដែរ៕