(ពោធិ៍សាត់)៖ ប្រជានេសាទ ប្រទះឃើញត្រីគល់រាំងមួយក្បាលទម្ងន់ជាង១០០គីឡូក្រាម ជាប់មងទៀតហើយ រួចប្រគល់ឲ្យមន្ត្រីជំនាញលែងចូលបឹងទន្លេសាបវិញ។ ការប្រទះឃើញនេះ នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចលើទឹកផ្ទៃបឹងទន្លេសាប ទល់មុខកំពង់ឃ្នាស ស្ថិតក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ប្រភេទត្រីដែលមានទម្ងន់ជាង១០០គីឡូក្រាម មានឈ្មោះថា «ត្រីគល់រាំង» គឺជាប្រភេទត្រីដែលកម្រ បច្ចុប្បន្នកំពុងប្រឈមនឹងការផុតពូជ។ លោកបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានថា មានប្រភេទត្រីធំបានជាប់មង ភ្លាមៗនោះ មន្ត្រីជំនាញជលផល បានសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ធ្វើការប្រលែងត្រីគល់រាំងនេះ ចូលក្នុងបឹងទន្លេសាបវិញតែម្តង។
ជាមួយគ្នានោះ លោកបានអំពាវនាវ ដល់បងប្អូនប្រជានេសាទទាំងអស់ ត្រូវបន្តសហការការពារថែរក្សាមច្ឆាជាតិ នៃធនធានជលផល ពិសេសប្រភេទត្រីពូជធំនេះ និងដើម្បីឲ្យសម្បូរត្រីទាំងនោះ មានច្រើនឡើងវិញ ក្នុងបឹងទន្លេងសាប។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ប្រជានេសាទ ក៏បានប្រទះឃើញត្រីគល់រាំងមួយក្បាលទម្ងន់ជាង១០០គីឡូក្រាម ជាប់មង រួចប្រគល់ឲ្យមន្ត្រីជំនាញលែង ចូលបឹងទន្លេសាបវិញផងដែរ៕