(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រកាសតែងតាំង និងចូលកាន់តំណែង ថ្នាក់ដឹកនាំ៤រូប ដែលចំណុះឲ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោករដ្ឋមន្ដ្រី វេង សាខុន បានបញ្ជាក់ថា ថ្នាក់ដឹកនាំដែលត្រូវប្រកាសកាន់តំណែង ក្នុងឱកាសនេះមានចំនួន៤រូប ដែលទី១-តែងតាំង លោក ហ៊ាន វណ្ណហន ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម ទី២-តែងតាំងលោក សួន សុវណ្ណ ជាប្រធាននាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់ នៃរដ្ឋបាលព្រៃឈើ របស់ក្រសួងកសិកម្ម ទី៣-តែងតាំង លោក អ៊ឹង រតនា ជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម របស់ក្រសួងកសិកម្ម និងទី៤-តែងតាំង លោក សំ ឆោមសង្ហា ជាអគ្គលេខាធិការរង នៃក្រសួងកសិកម្ម។
លោករដ្ឋមន្ត្រី ក៏បានចែករំលែក និងណែនាំ នូវចំណុចមួយចំនួន សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ គួរប្រកាន់យកដើម្បីជាថ្នាក់ដឹកនាំល្អ ជាមន្ត្រីល្អ ជាគំរូនៃមន្ត្រីថ្នាក់ក្រោម រួមមាន គោរពស្រលាញ់ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្រោមឱវាទ ចេះរំលឹកដាស់តឿនគ្នា កែលំអ និងហ៊ានទទួលខុសត្រូវ ពេញចិត្តបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គោរពនិងស្មោះត្រង់ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានគំនិតច្នៃប្រឌិត ពុះពារហ៊ានប្រឈមនឹងបញ្ហា រក្សាបានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ ចេះយល់សុខទុក្ខមន្ត្រីថ្នាក់ក្រោមដោយផ្តល់យុត្តិធ៌ម និងកិត្តិយស ការលើកទឹកចិត្ត និងផ្តល់រង្វាន់ដោយភាពសុក្រិត។ បន្ថែមលើនេះ ត្រូវប្រកាន់ខ្ជាប់គោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ និងត្រូវចេះរកការងារ ឲ្យមន្ត្រីធ្វើ មិនលាបពណ៌គ្នា ហើយធ្វើជាខ្នងបង្អែកឲ្យឈ្មួញខិលខូច ឬបក្សពួករបស់ខ្លួនឡើយ។
ជាងនេះទៅទៀត លោក វេង សាខុន បានណែនាំដល់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ដូចជា
ទី១-គ្រប់អង្គភាពក្រោមអគ្គនាយកដ្ឋានកសិកម្ម ត្រូវរៀបចំអនុវត្តការងារជាក្រុម
ទី២-លើកកំពស់សមត្ថភាពមន្ត្រីក្នុងកិច្ចការពារដំណាំ សុវត្ថិភាពផលិតផលកសិកម្ម ជាពិសេសពង្រឹងការងារភូតគាមអនាម័យ ស្របតាមនីតិវិធីនិងនិយាមក្នុងតំបន់ (អាស៊ាន) និងអន្តរជាតិ ដើម្បីទាក់ទាញបាននូវជំនឿចិត្ត អ្នកបញ្ជាទិញ ព្រមទាំងឈានទៅរៀបចំជា អ៊ី-វិញ្ញាបនប័ត្រ នាពេលឆាប់ៗ ខាងមុខ
ទី៣-បង្កើនការយកចិត្តទុកដាក់ ដល់ការគ្រប់គ្រងដីកសិកម្ម ដោយចុះធ្វើការវាយតម្លៃដីជាក់ស្តែង នៅតាមតំបន់នីមួយៗ លើសមាសភាគជីជាតិដី ដើម្បីណែនាំការប្រើប្រាស់ជី បានត្រឹមត្រូវស្របតាមមុខដំណាំនីមួយៗ កាត់បន្ថយបាននូវថ្លៃដើម ក្នុងផលិតកម្មដំណាំ របស់កសិករ
ទី៤-បង្កើនការគ្រប់គ្រង ផ្តល់សេវា និងផ្តល់ពូជស្រូវសុទ្ធល្អ ដល់ប្រជាកសិករ ដោយសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ក្នុងការងារនេះ
ទី៥-ត្រូវស្រាវជ្រាវពូជរុក្ខជាតិហូបផ្លែ និងរុក្ខជាតិលំអ ដោយសហការជាមួយអ្នកវិនិយោគទុន ដើម្បីចែកជូនប្រជាកសិករ តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
ទី៦-បន្តជំរុញការងារពិសោធន៍ស្រាវជ្រាវអភិវឌ្ឍន៍ និងផ្ទេរបច្ចេកទេសទំនើបសមស្រប ជួយដល់កសិករ ហើយនិងជំរុញស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមកសិដ្ឋាន ស្ថានីយ៍ពិសោធន៍ និងមជ្ឈមណ្ឌលអភិវឌ្ឍកសិកម្ម ដើម្បីជួយបង្កើនសមត្ថភាពសហគមន៍កសិកម្ម នៅតាមមូលដ្ឋាន ឲ្យចេះបន្សុទ្ធពូជ ប្រើប្រាស់ធាតុចូលកសិកម្មបានត្រឹមត្រូវ ដែលនាំដល់ការបន្ទាបថ្លៃដើម ក្នុងការផលិត៕