(ព្រៃវែង)៖ លោក មុំ សៀក ទីប្រឹក្សាក្រសួងផែនការ និងជាទីប្រឹក្សាសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី បានអញ្ជើញទៅចូលរួមបើកបវេសនកាលសិក្សាឆ្នាំ២០១៦-២០១៧ នៅអនុវិទ្យាល័យ ធាយ ស្ថិតនៅភូមិតាសូ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ពិធីបើកបវេសនកាលនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពីលោកអភិបាល រងស្រុកបាភ្នំ រួមទាំងមន្ត្រីអាជ្ញាធរ សមត្ថកិច្ច និងលោកគ្រូ អ្នកគ្រូ មាតា បិតា សិស្សានុសិស្សជាច្រើនរូបទៀតផងដែរ។
ថ្លែងទៅកាន់អង្គពិធី លោក មុំ សៀក បានលើកឡើងពីការរីកចំរើនរបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ ជាពិសេសវិស័យសិក្សាធិការត្រូវបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងបំផុត។ ដូច្នេះសូមបងប្អូនកូនក្មួយមេត្តានាំគ្នាខិតខំរៀនសូត្រអោយបានគ្រប់ៗគ្នា។ ក្នុងនោះលោកក៏បានធ្វើការ អំពាវនាវអោយប្រជាពលរដ្ឋដែលដល់អាយុបោះឆ្នោតសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតអោយបានទាំងអស់គ្នាផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោក មុំ សៀក ក៏បានពាំនាំទៅជាមួយនូវអំណោយមួយចំនួនយកទៅចែកជូនលោកគ្រូ អ្នកគ្រូចូលនិវត្តន៏ចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៣០.០០០រៀល រួមជាមួយក្រម៉ា និងកាដូ។ចំណែកសិស្សា នុសិស្ស ៤០០នាក់ ម្នាក់ៗទទួលបានសៀវភៅ ប៊ិច និងថវិកាម្នាក់២០០០រៀល និងប្រគេនស្លាដក បច្ច័យដល់ព្រះសង្ឃដែលនិមន្តចូល រួមផងដែរ៕