(សៀមរាប)៖ ភ្ញៀវទេសចរអន្តរជាតិ ដែលបានទិញប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ នៅរយៈពេល១០ខែ ឆ្នាំ២០១៦ មានចំនួន ១,៧២៨,៧២០នាក់ កើនឡើង៣.០៦ភាគរយ បើធៀបនឹងឆ្នាំ២០១៥ និងបានផ្ដល់ចំណូលចំនួន ៤៩,០៩២,៥៦០ដុល្លារ កើនឡើង២.៩៦ភាគរយ នេះបើតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ។
តាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «ក្នុងរយៈពេល១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៦ ចំនួនភ្ញៀវទេសចរ ដែលបានទិញប័ណ្ណចូលទស្សនាអង្គរ មានចំនួន១,៧២៨,៧២០នាក់ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៥ កើនឡើង២.០៦ភាគរយ រីឯចំណូលដែលបានពីការលក់ប័ណ្ណវិញ មានចំនួន ៤៩,០៩២,៥៦០ដុល្លារ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៥ កើនឡើង២.៩៦ភាគរយ»។
សូមជម្រាបថា បណ្ណ័ចូលទស្សនារមណីយដ្ឋានអង្គរ នាបច្ចុប្បន្នត្រូវបានកំណត់ជា៣ប្រភេទ រួមមានតម្លៃ២០ដុល្លារ ចូលទស្សនាបាន១ថ្ងៃ, ប័ណ្ណតម្លៃ៤០ដុល្លារ មានរយៈពេល១សប្តាហ៍ ចូលទស្សនាបាន៣ដង, និងប័ណ្ណតម្លៃ៦០ដុល្លារ មានរយៈពេល១ខែ ចូលទស្សនាបាន៧ដង។
ដោយឡែក ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ទៅ គ្រឹះស្ថានអង្គរនឹងដំឡើងថ្លៃលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងនោះប័ណ្ណដែលចូលទស្សនាមាន ៣ប្រភេទ រួមមាន៖ ទី១.ចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ, ទី២.ចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ ដែលមានសុពលភាពរយៈពេល១០ថ្ងៃ និងទី៣.តម្លៃ ៧២ដុល្លារ ចូលទស្សនាបាន៧ថ្ងៃ មានសុពលភាពរយៈពេល ៣០ថ្ងៃ៕