(ភ្នំពេញ)៖ នាយកប្រតិបត្តិ ក្រុមហ៊ុន AirAsia Group លោក តូនី ហ្វែនឺដេស (TONY FERNANDES) បានទទួលតំណែងនាយប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ប្រចាំឆ្នាំ ជាពានរង្វាន់ឆ្នើម Aviation Awards for Excellence ប្រចាំឆ្នាំ២០១៦ ចេញដោយមជ្ឈមមណ្ឌលអាកាសចរណ៍ អាស៊ីប៉ាស៊ីហ្វិក(CAPA)។
ពានរង្វាន់នេះត្រូវបានប្រគល់ជូនលោក ក្នុងកម្មវិធីហ្គាឡា អាហារពេលល្ងាចនៅសណ្ឋាគារ Okura នៅចុងខែតុលានេះ ហើយនេះ ជាលើកទីបីដែលលោក Fernandes បានឈ្នះពានរង្វាន់ពិសេស ពីមជ្ឈមណ្ឌលអាកាសចរណ៍ អាស៊ីប៉ាស៊ីហ្វិក (CAPA) ដ៏មានឥទ្ធិពល មួយនេះ។ ពានរង្វាន់ទទួលបានលើកដំបូងចំនួនពីរដងបន្តបន្ទាប់គ្នាគឺក្នុងឆ្នាំ២០០៤-២០១៥។
លោក Tony Fernandes បានថ្លែងថា «ក្រុមហ៊ុន AirAsia បានធ្វើដំណើរដ៏វែងឆ្ងាយ ចាប់តាំងខ្ញុំបានឈ្នះពានរង្វាន់នាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ពី CAPA ក្នុងឆ្នាំ២០១៤ ហើយក្នុងរយៈពេល១២ឆ្នាំមកនេះ AirAsia បានទាំងបន្តផ្លាស់ប្ដូរនិងបន្តរក្សាវត្តមាន ដូចគ្នា។ ក្រឡេកមើលក្នុងឆ្នាំ២០០៤ គំរូដឹកជញ្ជូនតម្លៃទាបនៅតែហាក់ដូចជាថ្មីថ្មោងសម្រាប់ទីផ្សារអាស៊ី យើងបានចាប់បើកប្រតិបត្តិ ការិយាល័យលើកដំបូងចំនួនពីរប៉ុណ្ណោះ នៅក្រៅប្រទេសម៉ាឡេស៊ី គឺក្នុងប្រទេសថៃ និងឥណ្ដូណេស៊ី។ យើងមានយន្តហោះ១៧គ្រឿង និងបុគ្គលិកចំនួន១.៤០០នាក់ ហើយមនុស្សម្នាគ្រាន់តែចាប់ផ្ដើមកត់សម្គាល់ពួកយើងតែប៉ុណ្ណោះ»។
លោកបន្ដថា «ចាប់តាំងពីពេលនោះ យើងខ្ញុំបានពង្រីកខ្លួនក្លាយជាក្រុមហ៊ុនអាកាសចរណ៍ ប្រចាំតំបន់អាស៊ាន ដោយដំណើរការក្នុងបណ្ដាប្រទេសម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ឥណ្ឌា ហើយភ្លាមនោះរួមទាំងជប៉ុនផងដែរ មានយន្តហោះជាង២០០គ្រឿង និងបុគ្គលិក Allstar ប្រមាណ ១៧.០០០នាក់។ យើងជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ ដែលធ្វើការហោះហើរទៅកាន់តំបន់ប្រជាជាតិអាស៊ានទាំង១០ប្រទេស ហើយជាមួយសេវាកម្ម Fly-Thru(សេវាមិនឆ្លងការត្រួតពិនិត្យផ្នែកអន្តោប្រវេសន៍ និងរើប្រមូលឥវ៉ាន់) យើងអាចភ្ជាប់ការហោះហើរទាំងមូលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីប្រទេសជប៉ុន កូរ៉េ និងចិន ទៅកាន់អូស្ត្រាលី និងណូវែលហ្សូឡង់ ទៅកាន់ឥណ្ឌា និងឆ្ងាយជាងនេះដោយគ្រាន់តែឈប់រង់ចាំតែមួយដងគត់ប៉ុណ្ណោះ ហើយយើងពិតជាហោះហើរបានឆ្ងាយទៅដល់ទឹកដីដែនកោះ ម៉ូរី ផងដែរ នាពេលនេះ»។
លោបន្ថែមថា កត្តាធ្វើឱ្យបន្តរក្សាវត្តមានដូចគ្នាពីមួយឆ្នាំទៅមួយឆ្នាំគឺការប្ដេជ្ញាគ្មានទីបញ្ចប់របស់យើងខ្ញុំក្នុងការនាំមកនូវគុណភាព និងគំនិតច្នៃប្រឌិត និងក្ដីសុបិនដែលអ្នករាល់គ្នាប្រាថ្នាអាចធ្វើដំណើរតាមជើងហោះហើរ។ ពានរង្វាន់ដ៏អស្ចារ្យនេះជាសញ្ញាណបង្ហាញ ពីការពិតដែលក្ដីសុបិននៅតែមានរស់រវើកយ៉ាងច្រើនសម្បូរបែប ហើយយើងនឹងបន្តនាំសុបិននេះ នៅពេលយើងឈានបន្តទៅរយៈពេល ១២ឆ្នាំខាងមុខ និងឆ្ងាយជាងនេះ។សម្រាប់មជ្ឈមណ្ឌល CAPA បានឱ្យដឹងថា លោក Fernandes ត្រូវបានជ្រើសយកទទួលពានរង្វាន់នេះ ដោយសារកិច្ចការដឹកនាំក្រុមហ៊ុន AirAsia ប្រកបដោយជោគជ័យ ក្នុងការបង្កើនប្រាក់ចំណូល និងការកែទម្រង់ទស្សនៈវិស័យឆ្នាំនេះ បន្ទាប់ពីឆ្លងកាត់ការប្រឈមដ៏សម្បើមក្នុងឆ្នាំ២០១៥។
គួរបញ្ជាក់ថា ទុនថ្មីបានកើនមកពីការចេញលក់ភាគហ៊ុនថ្មី ការពង្រីកប្រតិបត្តិការហោះហើរក្នុងប្រទេសចិន ការបើកដំណើរការឡើងវិញ នាពេលខាងមុខនូវអាកាសចរណ៍ AirAsia ប្រចាំជប៉ុន និងព័ត៌មានជំនួញ ជួលយន្តហោះដែលត្រូវបានរំពឹងថាត្រូវបិទទាំងនេះនឹងធ្វើឱ្យ កើនទុនច្រើនបន្ថែមទៀត ហើយនឹងកាត់បន្ថយនូវអត្រាទុនកម្ចីហិរញ្ញវត្ថុ(group leverage)៕