Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការអាវុធហត្ថខេត្តតាកែវ ចុះត្រួតពិនិត្យកម្លាំង មធ្យោបាយ សម្ភារ គ្រឿងបំពាក់ ត្រៀមអនុវត្តផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងពិធីបុណ្យចូលឆ្នាំថ្មី

12-04-2025 13:55

(តាកែវ)៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះត្រួតពិនិត្យជាក់ស្តែង កម្លាំង មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ ដែលត្រៀមអនុវត្តផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍តាកែវ សង្ក្រាន្តឆ្នាំ២០២៥។

កិច្ចប្រជុំនេះមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត (នៅដីថ្មី កងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិ ត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ)។

នៅចំពោះមុខកងកម្លាំងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថខេត្តតាកែវ បានផ្តាំផ្ញើការសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី សេង មហា បានបញ្ជាឲ្យកងកម្លាំងទាំងអស់ត្រូវត្រៀមចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អបំផុតនៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខាងមុខ ហើយទប់ស្កាត់ និងការប្រព្រឹត្តបទល្មើសផ្សេងៗនៅតាមមូលដ្ឋាន ជាពិសេសសកម្មភាពលួច ឆក់ និងហិង្សាជាដើម៕