(កំពង់ចាម)៖ ប្រធាន (គ) នៃតំបន់ប្រតិបត្តិការសឹករង ឫហៅថា មេបញ្ជាការកងអនុសេនាធំ យោធាខេត្តកំពង់ចាម ម្នាក់ទប់កំហឹងមិន បានក៏ទាញអាវុធខ្លី បាញ់អនុប្រធាន (គ) របស់ខ្លូន រហូតដល់ស្លាប់នៅនឹងកន្លែង ក៏ព្រោះតែអនុប្រធាននោះ បានរករឿងដល់បន្ទប់ដេករបស់ខ្លួន នៅក្នុងបន្ទាយ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១០៖០០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ នៅបន្ទាយឈើជើង ស្ថិតក្នុងភូមិអូរតាសេ ឃុំអូរម្លូ ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរង ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ ហ៊ូ ពៅ បានឲ្យដឹងថា ជនសង្ស័យជាប្រធាន (គ) ឈ្មោះ ឡុក ឈុន បានយកអាវុធខ្លីK59 បាញ់ទៅលើឈ្មោះ ចាន់ ពៅ ឋានៈជាអនុប្រធាន(គ) ត្រូវចំនួន១គ្រាប់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង។
លោកមេបញ្ជាការ បានបញ្ជាក់ថា មុនកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយក៏ទៅឡូឡាក្នុងបន្ទាយ ស្រាប់តែពេលនោះ ជនរងគ្រោះបានទៅរករឿង ប្រធាន(គ) ដល់ក្នុងបន្ទប់ ក្រោយមកក៏បានប្រតាយប្រតប់គ្នា ទើបធ្វើឲ្យប្រធាន (គ) ទប់កំហឹងមិនបានបាញ់ ទៅរងគ្រោះក្នុងគោលបំណងការពារខ្លួន ប៉ុន្ដែសំណាងអាក្រក់ ជនរងគ្រោះក៏បានស្លាប់ភ្លាមនៅនឹងកន្លែង។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ហើយបញ្ជូនទៅសួរនាំ ដើម្បីចាត់ការបន្ដ៕