Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋចូលរួមទុកដាក់សំរាម ថង់ប្លាស្ទិក ឱ្យបានត្រឹមត្រូវនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីឱ្យកម្ពុជាស្អាត (Video inside)

11-04-2025 15:27

(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួបរិស្ថាន បានអំពាវនាវប្រជាពលរដ្ឋ ចូលរួមថែរក្សា សោភ័ណភាព អនាម័យបរិស្ថាន នៅតាមលំនៅឋាន ទីសាធារណៈ និងកុំបញ្ចេញសំរាមមកដាក់នៅតាម ដងផ្លូវសាធារណៈ ដោយសូមរក្សាការទុកដាក់សំរាមរបស់ខ្លួន ឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួន ជាបណ្ដោះអាសន្នសិន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកឆាប់ៗនេះ។

គួរឱ្យដឹងថា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន សូមថ្លែងអំណរព្រះគុណ និងអរគុណ ប្រគេនព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ របស់ក្រសួងបរិស្ថាន និងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការដៃគូសហការជាតិ និងអន្តរជាតិវិស័យកជន សិស្សានុសិស្ស យុវជន ព្រះសង្ឃ កម្មករកម្មការិនី សង្គមស៊ីវិល យុវជនកាកបាទក្រហម យុវជនកាយប្ញទ្ធិ និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានគាំទ្រ និងចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលឈរលើសសរស្តម្ភចំនួនបីគឺ «ភាពស្អាត ភាពបៃតង និងចីរភាព» និងយុទ្ធនាការរបស់ក្រសួងបរិស្ថានដែលបានដាក់ចេញជាបន្តបន្ទាប់រួមមាន៖ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» យ៉ាងផុសផុលសម្អាតផ្ទះរបស់យើងទាំងអស់គ្នា ឈានឆ្ពោះទៅភាពស្អាតរបស់សង្គមជាតិ និងនាំឱ្យប្រទេសកម្ពុជាស្អាត៕

សូមស្តាប់ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន ដូចខាងក្រោម៖