(ភ្នំពេញ)៖ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចេញដីកាសម្រេចឃុំខ្លួនឃាតក ដែលសម្លាប់ស្ត្រីជាសង្សារ ក្នុងផ្ទះសំណាក់«អូយេស» ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
មន្ត្រីតុលាការបានបញ្ជាក់ថា ឃាតករូបនេះត្រូវបានលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត។
សមត្ថកិច្ចបញ្ជាក់ថា ឃាតករូបនេះ ឈ្មោះ ចាន់ សុភ័ក្ត្រ ហៅពៅ អាយុ៣៨ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រះវិហារ។ ជនរងគ្រោះឈ្មោះ អាង វណ្ណា ហៅលីលី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេយីហោ «ហេងហេង» នៅដេអិន ស្នាក់នៅផ្ទះជួល១៦C-១៦D ផ្លូវលេខ១១២ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
សមត្ថកិច្ចបន្តថា ក្រោយស្រាវជ្រាវជាច្រើនម៉ោងទើបដឹងថា ស្ត្រីរងគ្រោះជាអ្នកបម្រើការងារ នៅហាងខារ៉ាអូខេ ដោយមានការទំនាក់ទំនងគ្នាជាមួយ ជនសង្ស័យតាំងពីឆ្នាំ២០១៤ មកម្ល៉េះ តាមរយៈការចូលផឹកស៊ីច្រើនលើកច្រើនសារ នៅខារ៉ាអូខេយីហោ «ហេងហេង» ហើយតែងតែណាត់ជួបគ្នា តាមផ្ទះសំណាក់ផ្សេងៗ។
នៅមុនពេលកើតហេតុថា ពោលគឺយប់ថ្ងៃទី២៤ ខែតុលា ជនសង្ស័យបានជិះម៉ូតូឌុប ចេញពីផ្សារញ៉ែ ក្នុងបំណងទៅជួលផ្ទះសំណាក់យីហោ «អូយេស» ក្នុងបន្ទប់លេខ២០C ជាន់ទី៣ ដែលជាចំណុចកើតហេតុដើម្បីដេក ស្រាប់តែដល់វេលាយប់ជ្រៅបន្តិច ក៏លេចមុខស្ត្រីរងគ្រោះ បានមកដល់ផ្ទះសំណាក់សួររកបន្ទប់ ដែលជនសង្ស័យបានជួលស្នាក់នៅ ព្រមទាំងបានឡើងទៅដេកជាមួយគ្នាថែមទៀតផង។
លុះដល់វេលាយប់ជ្រៅបន្តិច ស្ត្រីរងគ្រោះបានសុំជនសង្ស័យ ដែលជាសង្សារដើម្បីត្រឡប់ទៅផ្ទះវិញ តែជនសង្ស័យមិនព្រមឡើយទើប មានការឈ្លោះប្រកែកគ្នា នៅក្នុងបន្ទប់ដោយជនសង្ស័យបានចោទប្រកាន់លើជនរងគ្រោះថា មានប្រុសច្រើន ខណៈនោះស្ត្រីរងគ្រោះបានយកទូរស័ព្ទ មកឆាតលេងជាមួយប្រុស និងបានបង្ហាញរូបថតអ្នក ដែលស្រឡាញ់ខ្លួន ឲ្យជនសង្ស័យមើល ទើបបណ្ដាលឲ្យជនសង្ស័យជាប្រុសស្នេហ៍ ខឹងក៏ស្ទុះទៅធ្វើសកម្មភាពសង្កត់ ពីលើខ្ទប់មាត់ច្របាច់ក ទាល់តែដាច់ដង្ហើមស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ខណៈដែលជនសង្ស័យ មិនទាន់អស់ចិត្តខ្លាចក្រែងជនរងគ្រោះមិនទាន់ស្លាប់ ក៏យកកន្សែងពោះគោមកហែករួចរិតកបន្ថែមទៀត ដើម្បីបញ្ចប់ជីវិតឲ្យអស់សង្ស័យតែម្ដង។
បន្ទាប់ពីជនសង្ស័យសម្លាប់សង្សាររួចហើយ ក៏ធ្វើសកម្មភាពដោះយកគ្រឿងអលង្ការ មានខ្សែប្លាក់ទីនមួយខ្សែ និងកងដៃប្លាក់ទីនចំនួន៣កង ព្រមទាំងយកទូរស័ព្ទមួយគ្រឿងរត់គេចខ្លួន ដើម្បីយកគ្រឿងអលង្ការ ទៅលក់បានប្រាក់៣៦៥ដុល្លារ និងទូរស័ព្ទបានប្រាក់២០០ដុល្លារ រួចជនសង្ស័យជិះរថយន្ដតាក់ស៊ីគេចខ្លួន ទៅខេត្តព្រះសីហនុបាត់ស្រមោល៕