(ភ្នំពេញ)៖ លោក សួង ម៉េងឡុង អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា បានឲ្យដឹងថា សូចនាកររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដាក់ចូលក្នុងគោលដៅអភិវឌ្ឍន៍ប្រកដដោយចីរភាព មានចំនួន១០សូចនាករ។

លោកបន្តថា សូចនាករទាំង១០នោះរួមមាន១. សមាមាត្រនៃជនក្រីក្រ និងងាយរងគ្រោះ ដែលទទួលបានសេវាសង្រ្គោះសង្គម ២. របបសន្តិសុខសង្គមដល់អតីតមន្រ្តីរាជការស៊ីវិល ៣. របបសន្តិសុខសង្គមដល់អតីតយុទ្ធជន ៤. របបសន្តិសុខសង្គមដល់ជនពិការក្រីក្រនៅតាមសហគមន៍ ៥. សមាមាត្រជនពិការ ដែលទទួលបានរបបគោលនយោបាយជនពិការក្រីក្រនៅ តាមសហគមន៍ ៦. និវត្តជន និងជនបាត់សម្បទាវិជ្ជាជីវៈ ៧. អតីតយុទ្ធជនដែលកំពុងទទួលរបប ៨. សមាមាត្រជនពិការដែលទទួលបានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ៩. សមាមាត្រកុមារកំព្រា និងកុមារងាយរងគ្រោះដែលរស់នៅក្នុងមណ្ឌលថែទាំកុមារ និង១០. សមាមាត្រនៃមនុស្សចាស់ទទួលបានសេវាគាំពារសង្គម។

លោក សួង ម៉េងឡុង បានលើកឡើងបែបនេះ ខណៈលោកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ កែសម្រួលសេចក្តីព្រាងសូចនាករគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព រយៈពេល១៥ឆ្នាំ (២០១៦-២០៣០) របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសង្គមកិច្ច។

ក្នុងកិច្ចប្រជុំនេះ លោក សួង ម៉េងឡុង បានបញ្ជាក់បន្ថែមថា សូចនាករនីមួយៗ ត្រូវមាននិយមន័យប្រភពទិន្នន័យ វដ្តទិន្នន័យ វិធីសាស្រ្តគណនាតម្លៃសូចនាករ និងស្ថាប័ន ទទួលខុសត្រូវផងដែរ។ ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់អង្គភាពនីមួយៗ បន្តយកចិត្តទុកដាក់ប្រឹងប្រែងបំពេញការងារនេះ ជាមួយស្ថាប័នពាក់ព័ន្ធនានា ដោយស្មារតីទទួលខុសត្រូវផងដែរ៕