(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាល តំណាងឲ្យនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ នគរបាលជាតិបានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខែតុលា ឆ្នាំ២០១៦ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខែតុលាឆ្នាំ២០១៦ កន្លងមកនេះ បានកើតឡើងចំនួន២៨១លើក បណ្តាលឲ្យស្លាប់ចំនួន ១២៤នាក់ និងរបួស៦៥៦នាក់ ភាគច្រើនកើតឡើង នៅរាជធានីភ្នំពេញ ចំនួន៣១លើក ខេត្តពោធិសាត់២៧លើក និងខេត្តកំពតចំនួន២៦លើក។
លោកលើកឡើងទៀតថា ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន៤នាក់ និងរបួសចំនួន២១នាក់ មូលហេតុការបើកបរលើសល្បឿនកំណត់ ៣៥ភាគរយ , មិនគោរពសិទ្ធិអាទិភាព១៤ភាគរយ, ស្រវឹង១១ភាគរយ, មិនប្រកាន់ស្តាំ១២ភាគរយ, វ៉ាជែង១២ភាគរយ, បត់៨ភាគរយ, កត្តាយានយន្ត៤ភាគរយ, ងងុយ២ភាគរយនិងកត្តាផ្លូវ១ភាគរយ។ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់ថា ចំនួនគ្រោះថ្នាក់កើតឡើងក្នុងខែតុលាឆ្នាំនេះ ប្រៀបធៀបនឹងខែតុលាឆ្នាំ២០១៥គ្រោះថ្នាក់ថយចំនួន១១៨លើកស្មើនឹង២៩ភាគរយស្លាប់ថយចុះ៤៥នាក់ស្មើ២៧ភាគរយ និងអ្នករបួសថយចំនួន៧៥នាក់ស្មើ១០ភាគរយ។
ដោយឡែកបើប្រៀបធៀបនឹងខែកញ្ញា(ខែមុន) ឆ្នាំ២០១៦ គ្រោះថ្នាក់កើនចំនួន៦លើក ស្លាប់ថយចំនួន៩នាក់ស្មើ៧ភាគរយ និងអ្នករបួសកើនចំនួន២២១នាក់ស្មើ៥១ភាគរយ។ កំណើនអ្នករងរបួស បណ្តាលពីគ្រោះថ្នាក់រថយន្តដឹកកម្មករចំនួន ៦លើកន់ នៅខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ, រាជធានីភ្នំពេញ , ខេត្តកណ្តាលនិងខេត្តតាកែវសរុបរបួសចំនួន១៩៧នាក់។ ឧត្តមសេនីយ៍ឯក បានបន្ថែមថា ដោយឡែកការត្រួតពិនិត្យល្បឿននិងជាតិស្រវឹង បានរកឃើញយានយន្តល្មើសល្បឿនចំនួន ៤,៨៤៩គ្រឿង និងល្មើសជាតិស្រវឹង ១៧២នាក់ ក្នុងនោះឃាត់ខ្លួនបញ្ជូនសំណុំរឿង ទៅតុលាការ ១៩នាក់(អ្នកបើកបររថយន្ត៣នាក់និងអ្នក និងអ្នកបើកបរម៉ូតូ១៦នាក់)។
និយាយដល់ចំនួនអ្នកស្លាប់សម្រាប់ឆ្នាំ២០១៦ គឺខេត្តបាត់ដំបងត្រូវបានមើលឃើញថា មានចំនួនច្រើនជាងបណ្តាលខេត្តផ្សេងៗ ដូច្នេះហើយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចធ្វើទិវារំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ដើម្បីបាំង្សកូដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងស្រុកមោងឬស្សីខេត្តបាត់ដំបង ដែលជាកន្លែងដែលមានគ្រោះថ្នាក់ច្រើន និងបណ្តាលឲ្យមនុស្សស្លាប់ច្រើនផងដែរ។
ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ានអគ្គស្នងការរងនគរបាលជាតិបានលើកឡើងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងរៀបចំទិវារំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីបង្សុកូលដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលកន្លែងនេះត្រូវបានស្រង់ ស្ថិតិថាជាកន្លែងដែល មានគ្រោះថ្នាក់ច្រើន និងបណ្តាលឲ្យស្លាប់ច្រើនផងដែរ។ កាលពីឆ្នាំមុនបានប្រារព្ធធ្វើនៅខេត្តស្វាយរៀង។ សម្រាប់ឆ្នាំនេះសម្តេចក្រឡាហោម ស ខេង ប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីនោះ៕