Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល ជួបសំណេះសំណាល និងចែកគ្រឿងឧបភោគ បរិភោគ ជូនកម្លាំង និងនិវត្តន៍ជនទាំងអស់ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

10-04-2025 16:29

(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល បានរៀបចំពិធីសំណេះសំណាល និងចែកសម្ភារជាគ្រឿងឧបភោគ បរិភោគជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងពូៗបងៗជានិវត្តន៍ជនទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកណ្ដាលនាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថ បានផ្តាំផ្ញើការសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី សំ តុលា បានផ្ដែផ្ដាំដល់និវត្តន៍ជនទាំងអស់ សូមថែទាំសុខភាពឲ្យបានល្អ ហាត់ប្រាណ ពិសារអាហារល្អៗ គេងសម្រាកឲ្យបានគ្រប់គ្រាន់ បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវត្រៀមចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខាងមុខ៕