Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ-PPIU រៀបចំកម្មវិធីទិវាវប្បធម៌ និងសង្រ្កាន្តឆ្នាំថ្មី ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

10-04-2025 16:12

(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ-PPIU បានរៀបចំកម្មវិធីទិវាវប្បធម៌ និងសង្រ្កាន្តឆ្នាំថ្មីប្រចាំ ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់ដ៏ល្អប្រពៃរបស់ខ្មែរ ជាពិសេសដើម្បីបង្កលក្ខណៈសប្បាយ រីករាយ អំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ការរៀបចំកម្មវិធីខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងមានការចូលរួមពី គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត និងភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀត។

ក្នុងឱកាសនេះ សកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានរៀចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត, ពិធីរាប់បាត្រ, ការប្រគល់អំណោយដល់យុវជនកាកបាទក្រហម ការសម្តែងរបាំជូនពរ របាំត្រុដិ និងការប្រគល់លិខិតថ្លែងអំណរគុណ ដល់ក្រុមហ៊ុនសហការឧបត្ថម្ភ ការតាំងស្ដង់លក់ម្ហូបអាហារ និងភេសជ្ជៈ ការលេងល្បែងប្រជាប្រិយ ការសម្ដែង និងដើរបង្ហាញម៉ូតសម្លៀកបំពាក់បុរាណ និងការរាំកម្សាន្តដែលមានការចូលរួមពីតារាល្បីៗជាច្រើនរូបផងដែរ។

សូមជម្រាបថា ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក នឹងយាងចុះមកជម្ពូទ្វីបនាវេលាទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៤៖៤៨នាទីព្រឹក។ ទ្រង់មានព្រះនាម គោរាគៈទេវី ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ៕