(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានប្រាប់ឲ្យសិស្សានុសិស្សទាំងអស់ ខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីជាពន្លឺ នៃជីវិតនៅ ថ្ងៃអនាគត ព្រោះចំណេះដឹង គឺជាទ្រព្យសម្បត្តិដែលពុំមាននណាម្នាក់អាចដណ្តើម ឬក៏លួចយកបាននោះឡើយ ដូច្នេះសិស្សានុសិស្សត្រូវតែ ស្រឡាញ់ការសិក្សារៀនសូត្រ ប្រតិបត្តិខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ហើយត្រូវ ជៀសឲ្យឆ្ងាយ ចំពោះ គ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
លោក ម៉ុម សារឿន បានលើកឡើងបែបនេះ ខណៈលោក អញ្ជើញចូលរួមនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។ នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី លោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងមន្ត្រីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សនុសិស្ស យ៉ាងច្រើនកុះករ សរុបចំនួន៣៤៩៧នាក់ នៅវិទ្យាល័យហ៊ុនសែន ស្ទឹងត្រែង ស្ថិតនៅក្នុង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអានសារលិខិតរបស់ សម្តេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុង ឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧។
ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ លោក អភិបាលខេត្ត បាននាំយកអំណោយរបស់សម្តេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកគ្រូ អ្នកគ្រូ ចំនួន៤៩៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០០០០រៀល,សិស្សានុសិស្សចំនួន ៣០០០នាក់ក្នុងម្នាក់ៗ ទទួលបានប៊ិច០១ដើម និងសៀវភៅសរសេរ០១ក្បាល៕