(ភ្នំពេញ)៖ លោក ហៃ ហ៊ុនឡេង អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦ អ្នកចុះឈ្មោះស្វែងរកការងារធ្វើ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) មានជិត៦ម៉ឺននាក់ ក្នុងនោះអ្នកទទួលបានការងារធ្វើមាន ជិត២ពាន់នាក់។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី ពិព័រណ៍ការងារថ្នាក់ជាតិ ឆ្នាំ២០១៦ នាមជ្ឈមណ្ឌលទីភ្នាក់ជាតិមុខរបរ និងការងារ លោក ហៃ ហ៊ុនឡេង បានឲ្យដឹងថា «រយៈពេល៩ខែ ឆ្នាំ២០១៦ អ្នកដែលមកចុះឈ្មោះស្វែងរកការងារធ្វើ តាមរយៈ NEA មានចំនួន ៥៨,១៥៨នាក់ ដោយក្នុងនោះ NEA បានបញ្ជូនពួកគាត់ទៅឲ្យនិយោជកចំនួន ៩,៣៥២នាក់ និងអ្នកដែលទទួលបានការងារហើយ មានចំនួន ១,៩៥២នាក់»។
លោកបានបន្តថា ក្រៅពីការងារប្រចាំថ្ងៃក្នុងមជ្ឈមណ្ឌល NEA នៅរាជធានីភ្នំពេញ ក្រុមការងារនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំឲ្យមានព្រឹត្តិការណ៍ពិព័រណ៍ការងារថ្នាក់ជាតិ រៀងរាល់១ឆ្នាំម្ដង និងចុះរៀបចំផ្សព្វផ្សាយឱកាសការងារនានា តាមរយៈព្រឹត្តិការណ៍មួយចំនួនដូចជា៖ ទី១.ពិព័រណ៍ការងារថ្នាក់ខេត្ត ពិសេសខេត្តដែលបណ្ដុំទៅដោយសេដ្ឋកិច្ច, ទី២.វេទិកាការងារតាមមូលដ្ឋាន និងទី៣.វេទិការការងារប្រចាំខែ ដែលធ្វើឡើងក្នុងមជ្ឈមណ្ឌល NEA ផ្ទាល់។
ចំពោះពិព័រណ៍ការងារថ្នាក់ជាតិ ឆ្នាំ២០១៦នេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយនឹងមានអ្នកចូលរួមប្រមាណ ២៥,០០០នាក់, មានគ្រឹះស្ថាន-សហគ្រាសចំនួន ៩៥ក្រុមហ៊ុន ត្រៀមផ្ដល់ឱកាសការងារដល់ទៅជាង៩ពាន់កន្លែង។ ក្នុងឱកាសនោះ អ្នកស្វែងរកការងារទាំងអស់ នឹងទទួលបានការងារភ្លាមៗ, ការប្រឹក្សាយោបល់អំពីអាជីព, វិធីសាស្រ្តជោគជ័យក្នុងការដាក់ពាក្យស្វែងរកការងារ, ការត្រៀមលក្ខណៈចូលទីផ្សារការងារ និងវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនល្បី ដែលទទួលបានជោគជ័យក្នុងអាជីព និងការងាររបស់ខ្លួន។
ជាមួយគ្នានេះ លោក គិត ច័ន្ទគ្រឹស្នា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានឱ្យដឹងដែរថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារថ្នាក់ជាតិ ឆ្នាំ២០១៦នេះ មានយុវជន ស.ស.យ.ក ចូលរួមជួយរៀបចំចំនួន ១០០នាក់ ហើយលោករំពឹងថា នឹងមានយុវជន ស.ស.យ.ក ចូលរួមក្នុងពិព័រណ៍នោះ លើសពី៦០០នាក់។
លើសពីនេះ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានណែនាំថា អ្នកស្វែងរកការងារធ្វើទាំងអស់ គប្បីរៀបចំខ្លួនឱ្យបានសមរម្យ ព្រមជាមួយឯកសារពាក់ព័ន្ធនានា ដូចជាប្រវត្តិរូបសង្ខេបជាដើម។
សូមជម្រាបថា ពិព័រណ៍ការងារថ្នាក់ជាតិ ត្រូវបានរៀបចំបានចំនួន ៥លើក រួចមកហើយ ចាប់តាំងពីបានបង្កើតទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅឆ្នាំ២០១០មក ហើយក្នុងឆ្នាំ២០១៥ មានអ្នកចូលរួម ជាង២១,០០០នាក់ ដែលក្នុងនោះមានគ្រឹះស្ថាន សហគ្រាសចំនួន ១៥ក្រុមហ៊ុន ផ្ដល់ឱកាសការងារជាង៦០០កន្លែង ហើយអ្នកដែលដាក់ប្រវត្តិរូបសង្ខេបមានចំនួន ១៩,៦២៨នាក់៕