(សៀមរាប)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា វាលំបាកណាស់ដែលយើងខិតខំកសាងប្រទេសឡើងវិញ ដោយបាតដៃទទេ ក្រោយសង្គ្រាមហើយខិតខំអភិវឌ្ឍវិស័យអប់រំដូច សព្វថ្ងៃនេះ។ ក្រោមម្លប់សន្តិភាព រាជរដ្ឋាភិបាលបានកសាងសាលារៀនជាច្រើនដល់មូលដ្ឋានដើម្បីឲ្យកូនចៅប្រជាពលរដ្ឋ ទទួលបានឱកាសរៀនសូត្រ។ របត់របស់សិស្សានុសិស្ស កំណែទម្រង់ប្រព័ន្ធអប់រំ គោលនយោបាយ របស់រាជរដ្ឋាភិបាល បានធ្វើឲ្យសិស្ស និស្សិតកម្ពុជារៀនឈ្នះសិស្សនិស្សិតជនជាតិដទៃ ដែលនេះគឺជាមោទនភាព នៃវិស័យអប់រំ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណ់លោក ចូលរួមនៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៦-២០១៧ នៅវិទ្យាល័យ១០មករា ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ហ៊ុន ម៉ាណែតបន្តថា សេដ្ឋកិច្ចរបស់ប្រទេសមួយ អាចមានគម្លាតគ្នា ប៉ុន្តែខួរក្បាលរបស់មនុស្ស មិនមានគម្លាតគ្នាទេឲ្យតែមានឱកាសរៀនសូត្រ។ ហេតុនេះហើយ រាជរដ្ឋាភិបាល បានផ្តល់ឱកាសឲ្យសិស្សនិស្សិតរៀនសូត្របានគ្រប់ទីកន្លែង។
បន្ថែមពីលលើនេះ លោក ហ៊ុន ម៉ណែត ក៏បានផ្តល់ដំបូន្មានល្អៗ ឲ្យសិស្សានុសិស្សគោរពវិន័យ ត្រូវមានគុណធម៌ សីលធម៌ រៀនសូត្រឲ្យបានពូកែ ត្រូវជួយគ្នាទៅវិញទៅមក ជៀសវាង ការប្រព្រិត្តិអំពើអបាយមុខផ្សេងៗដែលបំផ្លាញខ្លួនឯង គ្រួសារ និងសង្គម ព្រោះរាជរដ្ឋាភិបាលបានស្វែងរកសន្តិភាព ខិតខំកសាងសាលារៀន ឪពុកម្តាយខិតខំចិញ្ចឹមបីបាច់ថែរក្សា លោកគ្រូ អ្នកគ្រូខិតខំបង្រៀន អស់ពីកម្លាំង កាយចិត្ត។
លោក ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរ ជោគជ័យលទ្ធផលការសិក្សាកាលពីឆ្នាំកន្លងទៅ និងអបអរសាទរជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស ក្នុង ឱកាសបវេសនកាល ឆ្នាំសិក្សា២០១៦-២០១៧ និងការកសាងនូវសមិទ្ធិផលនានា នៅក្នុងវិទ្យាល័យនេះផងដែរ។
ក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បាននាំយកនូវសម្ភារអំណោយសម្តេចតេជោមួយចំនួន ទៅឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ ១៧៣នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល និងសម្លៀកបំពាក់ ២កុំប្លេរ សិស្សានុសិស្ស៤០៥០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ០២ក្បាល ប៊ិច ០១ដើម និងថវិកា ៣ពាន់រៀល លោកគ្រូ អ្នកគ្រូចូលនិវត្តន៍ចំនួន ០៦នាក់ ម្នាក់ៗទទួលបានម៉ូតូហុងដា ០១គ្រឿង កាកបាទក្រហមចំនួន ២០នាក់ សិស្សកាយរិទ្ធចំនួន ២០នាក់ ក្រុមយុវជនស.ស.យ.ក ២៥នាក់យុវជនអ.ម.ត ៥០នាក់ សរុប ១១៥នាក់ ម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និងបានឧបត្ថម្ភក្នុងកម្មវិធីនូវថវិកា ៤លានរៀល។
សូមបញ្ជាក់ថា នៅ ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៦-២០១៧ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាហារដ្ឋាន ០១កន្លែង របស់វិទ្យាល័យ ១០ មករា ១៩៧៩ ក្រុងសៀមរាប ខាងលើនេះ ក៏មានការអញ្ជើញ ចូលរួមពី លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃខ ភ ម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងរង នគរបាលជាតិ និងជាប្រធានគណ:បញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ទី៥ លោក ឃឹម ប៊ុនសុងអភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការជុំវិញខេត្តលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្នុងវិទ្យាល័យ ១០ មករា ១៩៧៩ទាំងមូលផងដែរ៕