(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាឲ្យអាជ្ញាធរខេត្តកណ្តាល ដោះស្រាយបញ្ហាជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងឡើងក្នុងឱកាសដែល សម្តេចអញ្ជើញចុះសំណេះសំណាលជាមួយ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ។
ក្នុង Facebook របស់សម្តេចតេជោ បានបញ្ជាក់ថា « កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ ត្រូវចូលរួមសហការក្នុងការប្រមូលពន្ធ។ ត្រូវយកចិត្តទុកដាក់ការពារ តំបន់អភិរក្សឡូនេសាទ និងតំបន់ការពារមួយចំនួន ឲ្យបានល្អ រួមទាំងយកចិត្តទុកដាក់ដោះស្រាយ បញ្ហាជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធភាព»។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានជំរុញអាជ្ញាធរខេត្តកណ្តាល ត្រូវមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរវៀតណាម ពិសេសយកចិត្តទុកដាក់ នូវដំណើរការបោះបង្គោលព្រំដែនឲ្យបានលឿន និងបញ្ឈប់ឲ្យបាននូវការជួលដី ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ឲ្យទៅប្រជាពលរដ្ឋវៀតណាម៕